បណ្តាញសង្គម

កូរ៉េខាងត្បូងប្រកាសពីចំណាត់ការប្រឆាំងមីយ៉ាន់ម៉ា ឆ្លើយតបការបង្រ្កាបដែលបណ្តាលឲ្យ ក្រុមបាតុករជាច្រើននាក់បាត់បង់ជីវិត

 (សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួននឹងផ្អាកការចែករំលែកបទពិសោធន៍ទាក់ទងវិស័យការពារជាតិ ជាមួយមីយ៉ាន់ម៉ា ហើយក៏ហាមឃាត់ការនាំចេញអាវុធទៅកាន់មីយ៉ាន់ម៉ាផងដែរ ជាការឆ្លើយតបចំពោះរដ្ឋប្រហារយោធា និងការបង្រ្កាបដោយហិង្សាលើក្រុមបាតុករ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ទោះបីជាមានការទទូចទាមទារជាដដែលៗក៏ដោយ ពីសំណាក់សហគមន៍អន្តរជាតិ ដោយក្នុងនោះរួមមានកូរ៉េខាងត្បូងផងដែរ ជនរងគ្រោះហាក់មានចំនួនកាន់តែច្រើនឡើងៗនៅមីយ៉ាន់ម៉ា ដោយសារតែការបង្រ្កាបយ៉ាងហិង្សារបស់ប៉ូលិសនិងយោធានៅទីនោះ»។

បើតាមក្រសួងការបរទេសកូរ៉េខាងត្បូង ទីក្រុងសេអ៊ូលក៏នឹងរឹតត្បិតការនាំចេញសម្ភារៈយុទ្ធសាស្រ្តដទៃៗទៀត ហើយពិចារណាឡើងវិញចំពោះជំនួយអភិវឌ្ឍផ្សេងៗ ព្រមទាំងផ្តល់ការអនុគ្រោះផ្នែកមនុស្សធម៌ ដើម្បីឲ្យជនជាតិមីយ៉ាន់ម៉ាអាចស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង រហូតទាល់តែស្ថានការណ៍នៅក្នុងប្រទេសពួកគេ ប្រសើរឡើងផងដែរ។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះ ក្រុមសកម្មជនមីយ៉ាន់ម៉ា នៅតែបន្តរៀបចំសកម្មភាពតវ៉ាដដែល បើទោះបីជាក្រុមសិទ្ធមនុស្សបានអះអាងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបាញ់សម្លាប់ក្រុមបាតុករចំនួន១២នាក់ថែមទៀតក៏ដោយ៕

ដកស្រង់ពី៖ Fresh News