បណ្តាញសង្គម

ក្រុមហ៊ុន Daimler គ្រោងប្រមូលមកវិញនូវរថយន្តម៉ាក Mercedes-Benz ចំនួន ២,៦ លានគ្រឿង នៅក្នុងប្រទេសចិន

និយតករផ្នែកទីផ្សារប្រចាំប្រទេស បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់អាល្លឺម៉ង់ Daimler នឹងប្រមូលយកមកវិញនូវយានយន្តម៉ាក Mercedes-Benz ចំនួន ២,៦ លានគ្រឿងនៅក្នុងប្រទេសចិន ដោយសារតែបញ្ហាការរចនាផ្នែកទន់ software ។

រដ្ឋបាលរដ្ឋរបស់ចិនសម្រាប់បទប្បញ្ញត្តិទីផ្សារ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្នែកទន់ Software អាចមិនទាក់ទងទីតាំងត្រឹមត្រូវរបស់យានយន្តក្នុងករណីមានការគាំង។

ខាងក្រុមហ៊ុន Daimler បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមលើការប្រមូលមកវិញនេះទេ។ ការប្រមូលមកវិញនោះ នឹងចាប់ផ្តើមនៅថ្ងៃទី ១២ ខែមេសា និងមានការពាក់ព័ន្ធរថយន្តចំនួន ៣ ជំនាន់។

រថយន្តម៉ាក Mercedes-Benz ចំនួន ៧៧៤.៣៨២ គ្រឿង ត្រូវបានលក់នៅក្នុងប្រទេសចិន កាលពីឆ្នាំមុន ដែលប្រទេសចិន ជាទីផ្សារធំបំផុតរបស់ខ្លួន មានចំនួនប្រហែល ៣៥% នៃការចែកចាយ ។

កាលពីខែមុនក្រុមហ៊ុន Mercedes-Benz USA បានឲ្យដឹងថា ខ្លួនកំពុងប្រមូលរថយន្តចំនួន ១,២៩ លានគ្រឿង ដែលបានលក់ចាប់តាំងពីឆ្នាំ ២០១៦ មកវិញដែរ ដោយហេតុផលស្រដៀងគ្នានេះ នេះបើតាមការផ្សាយរបស់ CNA/Reuter កាលពីថ្ងៃអាទិត្យ។