បណ្តាញសង្គម

ព្យុះធូលី-ព្រិលនៅម៉ុងហ្គោល ផ្តាច់ជីវិតមនុស្សយ៉ាងតិច៦នាក់ ​​​​(Video inside)

(អ៊ូឡាង់បាទ័រ)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នជាតិ (NEMA) របស់ម៉ុងហ្គោល នៅថ្ងៃចន្ទនេះ បានរាយការណ៍ឲ្យដឹងថា យ៉ាងហោចណាស់ មនុស្ស០៦នាក់បានបាត់បង់ជីវិត ដោយសារតែព្យុះធូលី និងព្យុះព្រិល បានបោកបក់ឆ្លងកាត់ប្រទេសម៉ុងហ្គោលីនាចុងសប្តាហ៍កន្លងទៅ។

នេះបើយោងតាមការចេញផ្សាយដោយសារ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។ NEMA បានគូសបញ្ជាក់ថា មនុស្សសរុបចំនួន៤៦៧នាក់ ត្រូវបានរកឃើញថានៅរស់រានមានជីវិត ក្នុងចំណោមមនុស្សសរុបចំនួន ៥៤៨នាក់ ដែលបានបាត់ខ្លួនកំឡុងការបោកបក់នៃព្យុះ។

ប៉ុន្តែជាអកុសល មនុស្ស ០៥នាក់ដែលស្ថិតនៅខេត្ត Dundgovi ភាគខាងត្បូង និងក្មេងអាយុ៥ឆ្នាំម្នាក់ ដែលស្ថិតនៅខេត្ត Arkhangai ភាគកណ្តាល បានស្លាប់ ក្រោយព្យុះដែលមានឥទ្ធិពលដ៏ខ្លាំងក្លានេះ បានបោកបក់ឆ្លងកាត់តំបន់ទាំងនោះ។ NEMA បានបន្ថែមថា ការស្វែងរកមនុស្សដែលបានបាត់ខ្លួន នៅតែកំពុងដំណើរការ ខណៈនៅមានមនុស្សជាច្រើននាក់ទៀតបាត់ខ្លួន។

គួរបញ្ជាក់ថា ព្យុះធូលី និងព្យុះព្រិល ច្រើនតែកើតមានឡើង នៅក្នុងប្រទេសម៉ុងហ្គោលី នៅនិទាឃរដូវ គឺកំឡុងចន្លោះខែមីនា-មិថុនា។ ជិត ៤០ភាគរយនៃប្រជាជនរបស់ប្រទេសនេះ រស់នៅដោយពឹងផ្អែកលើការចិញ្ចឹមសត្វ ដើម្បីចិញ្ចឹមជីវិត៕

ដកស្រង់ពី៖ Fresh News