បណ្តាញសង្គម

ក្រុមហ៊ុន Alibaba ត្រូវបានរដ្ឋាភិបាលចិន ស្នើសុំកាត់បន្ថយការវិនិយោគ លើប្រព័ន្ធផ្សព្វផ្សាយ

 (ចិន)៖ ក្រុមហ៊ុន Alibaba ត្រូវបានរដ្ឋាភិបាលចិនស្នើឱ្យកាត់បន្ថយការវិនិយោគ ឬចាយប្រាក់ក្នុងការទិញយក ឬបង្កើតនូវក្រុមហ៊ុនដែល ជាប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែមិនបានបញ្ជាក់អំពីមូលហេតុឡើយ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

ប្រភពដែលជិតស្និទ្ធបានបង្ហើបឱ្យដឹងថា ការស្នើសុំពីសំណាក់រដ្ឋាភិបាលចិននេះ ត្រូវបានធ្វើឡើងតាំងពីដើមឆ្នាំមកម្ល៉េះ ប៉ុន្តែគេមិនបានដឹងហេតុផងច្បាស់លាស់ឡើយ ខណៈដែលក្រុមអ្នកឃ្លាំមើលបានលើកឡើងថា វាហាក់ដូចជាផ្ដល់នូវសញ្ញាអវិជ្ជមានបន្ថែមទៀត ដល់ក្រុមហ៊ុនលក់ទំនិញយក្ស ដែលមានម្ចាស់មាឌល្អិតលោក Jack Ma ព្រោះ Alibaba ត្រូវបានគេដឹងថា បានចាយលុយយ៉ាងច្រើនសន្ធឹក នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។

ក្រុមហ៊ុន Alibaba ត្រូវបានគេដឹងថា មិនត្រឹមតែជាក្រុមហ៊ុនលក់ទំនិញអនឡាញយក្សប៉ុណ្ណោះទេ ថែមទាំងជាក្រុមហ៊ុនដែលបោះទុនវិនិយោគ ច្រើនផងដែរលើកប្រព័ន្ធផ្សព្វផ្សាយ ដោយក្នុងនោះ Alibaba ក៏ជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនបណ្ដាញសង្គម Weibo (ដូចគ្នាទៅនឹង Twitter) និងកាសែត South China Morning Post ព្រមទាំងស្ថាប័នព័ត៌មានប្រមាណជាជិត ១០ទៀត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Alibaba ជាពិសេសលោក Jack Ma ត្រូវបានរដ្ឋាភិបាលដាក់សម្ពាធ ក្រោយពេលដែល លោក Jack Ma បាន ថ្លែងសារ រិះគន់អំពីច្បាប់របស់ប្រទេសចិន រហូតដល់បាត់វត្តមានរបស់លោកជិត៣ខែថែមទៀត៕

ដកស្រង់ពី៖ Fresh News