បណ្តាញសង្គម

ទីបំផុតនាយករដ្ឋមន្ត្រីជប៉ុន ទទួលការចាក់វ៉ាក់សាំងដូសដំបូង មុនលោកត្រូវទៅធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិក

 (តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) នៅថ្ងៃអង្គារនេះបានទទួលការវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសដំបូង ដែលវាជាវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech រួចរាល់ហើយ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១។ ការចាប់ផ្តើមចាក់វ៉ាក់សាំងរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន ធ្វើឡើងមុនពេលដែលរូបលោកត្រូវអញ្ជើញទៅ បំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីបើកកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅខែក្រោយនេះ។

លោក Suga នឹងក្លាយជាមេដឹកនាំពិភពលោកដំបូងគេបង្អស់ ដែលជួបមុខផ្ទាល់ជាមួយលោក បៃដិន គិតចាប់តាំងពីលោក បៃដិន បានក្លាយជាប្រធានាធិបតីអាមេរិក កាលពីដើមឆ្នាំនេះ ។

គួរបញ្ជាក់ថា ជប៉ុនបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅក្នុងប្រទេសខ្លួន កាលពីខែកុម្ភៈកន្លងទៅ ជាមួយការប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech។

លោក Suga ធ្លាប់បានសន្យាថា ជប៉ុននឹងមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ប្រជាជនខ្លួនទាំង ១២៦លាននាក់ នៅត្រឹមខែមិថុនាខាងមុខ មុនការចាប់ផ្តើមព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ។ គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ មនុស្សជាង ២៩០,០០០នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 សម្រាប់ដូសដំបូង៕

ដកស្រង់ពី៖ Fresh News