បណ្តាញសង្គម

រដ្ឋាភិបាលថ្មីលីប៊ី ចូលកាន់តំណែងជាផ្លូវការ

រដ្ឋាភិបាលគណបក្សឯកភាពជាតិលីប៊ី ដែលទើបត្រូវបានជ្រើសរើសកាលពីថ្ងៃអង្គារនោះបានចូលកាន់តំណែងជាផ្លូវការ បន្តពីរដ្ឋាភិបាលគណបក្សសម្ព័ន្ធជាតិ ដែលគាំទ្រដោយអង្គការសហប្រជាជាតិហើយ។

ពិធីផ្លូវការមួយ ត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់រដ្ឋាភិបាល នៅក្នុងរដ្ឋធានី Tripoli ទីដែលលោក Mohammed Menfi ប្រធានថ្មីនៃរដ្ឋប្រធានាធិបតី បានថ្លែងសរសើរការប្រគល់អំណាចដោយសន្តិភាព។

លោក Menfi បានបញ្ជាក់ពីភារកិច្ចចម្បងរបស់អាជ្ញាធរប្រតិបត្តិថ្មី គឺដើម្បីត្រៀមសម្រាប់ការបោះឆ្នោតនាពេលក្រោយក្នុងឆ្នាំនេះ ហើយអំណាច នឹងត្រូវប្រគល់ទៅឱ្យអាជ្ញាធរប្រតិបត្តិដែលជាប់ឆ្នោត។

នាយករដ្ឋមន្រ្តី ដែលចេញពីមុខតំណែង និងគាំទ្រដោយអង្គការសហប្រជាជាតិ លោក Fayez Serraj បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីសម្រេចបាននូវការផ្សះផ្សាជាតិនៅក្នុងប្រទេស។ នាយករដ្ឋមន្រ្តីថ្មីលោក Abdul Hamid Dbeibah បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក នឹងមិនលះបង់កិច្ចប្រឹងប្រែង ដើម្បីអនុវត្តកំណែទម្រង់ ដោយអំពាវនាវដល់ស្ថាប័នសាធារណៈទាំងអស់ ចូលរួមដោះស្រាយបញ្ហា ដែលប្រជាជនកំពុងប្រឈម។

រដ្ឋាភិបាលគណបក្សឯកភាពជាតិ ត្រូវបានផ្តល់ការជឿទុកចិត្តដោយសភាតំណាងរាស្ត្រកាលពីថ្ងៃពុធ ហើយបានស្បថចូលកាន់តំណែងកាលពីថ្ងៃច័ន្ទ នៅចំពោះមុខ តំណាងសភានានា នាទីក្រុង Tobruk ខាងកើត។

អាជ្ញាធរប្រតិបត្តិថ្មី ត្រូវបានជ្រើសរើសដោយវេទិកាសន្ទនានយោបាយលីប៊ីដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដែលបានយល់ព្រមរៀបចំការបោះឆ្នោតទូទៅនៅក្នុងប្រទេស នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ខាងមុខ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃពុធ ។