បណ្តាញសង្គម

វ៉ាក់សាំងការពារ COVID-19 ដែលផលិតនៅក្នុងប្រទេសវៀតណាម នឹងអាចប្រើបាននៅត្រីមាសទី ៤

ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងកាលពីថ្ងៃពុធថា វ៉ាក់សាំងការពារ COVID-19 ដែលផលិតនៅក្នុងប្រទេស ជាដំបូងបង្អស់ ដែលមានឈ្មោះថា Nanocovax ត្រូវបានគេរំពឹងថា នឹងអាចប្រើបាននៅត្រីមាសទី ៤ នៃឆ្នាំនេះ ហើយនឹងត្រូវបានប្រើប្រាស់ក្នុងឆ្នាំ ២០២២ ។

ការប្រកាសនេះ ធ្វើឡើងនៅពេលដែលបណ្តាប្រទេសជាច្រើន ព្យាយាមបង្កើនល្បឿននៃការចាក់វ៉ាក់សាំងដែលផលិតក្នុងស្រុក ចំពេលមានការផ្គត់ផ្គង់ស្រួចស្តើង និងការព្រួយបារម្ភជាសកល ជុំវិញបញ្ហាការលេចចេញវីរុសប្រភេទថ្មី។

ក្រុមហ៊ុនវៀតណាមចំនួន ៤ បានចូលរួមក្នុងការស្រាវជ្រាវ និងផលិតវ៉ាក់សាំងហើយមានក្រុមហ៊ុន ២ កំពុងធ្វើតេស្តិ៍លើមនុស្ស រួមមានទាំងវ៉ាក់សាំង Nanocovax និងវ៉ាក់សាំង Covivac ។

ប្រទេសវៀតណាម បានពឹងផ្អែកលើវ៉ាក់សាំង AstraZeneca រហូតមកដល់ពេលនេះ ហើយចាប់តាំងពីចាប់ផ្តើមចាក់វ៉ាក់សាំងនៅថ្ងៃទី ៨ ខែមីនាមក មានមនុស្សជាង ២ ម៉ឺននាក់ ត្រូវបានចាក់ថ្នាំបង្ការប្រភេទនេះ។

មន្ត្រីក្រសួងសុខាភិបាល បានថ្លែងកាលពីថ្ងៃអង្គារថា វៀតណាម គ្មានផែនការបញ្ឈប់ការប្រើប្រាស់របស់ខ្លួនទេ បន្ទាប់ពីបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួន បានពន្យាពេលការចាក់វ៉ាក់សាំង បន្ទាប់ពីរបាយការណ៍អំពីការកកឈាម។

វ៉ាក់សាំង AstraZeneca ចំនួន ១,៣ លានដូស នឹងមកដល់ប្រទេសវៀតណាមនៅចុងខែមីនា ហើយនឹងត្រូវចែកចាយនៅទូទាំងប្រទេស។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបង្ហើបឲ្យដឹងថា ប្រទេសវៀតណាម ក៏កំពុងពិភាក្សាដើម្បីទិញវ៉ាក់សាំងពី Pfizer-BioNTech, Moderna, Johnson និង Johnson និងក្រុមហ៊ុនផលិត Sputnik V របស់រុស្ស៊ីផងដែរ។

វាអាចឈានដល់កិច្ចព្រមព្រៀង ដើម្បីទទួលបានវ៉ាក់សាំង Pfizer ចំនួន ៣០ លានដូសក្នុងឆ្នាំនេះ។ កាលពីមុនរដ្ឋាភិបាលវៀតណាម បាននិយាយថា ខ្លួន នឹងទទួលបាននូវវ៉ាក់សាំងចំនួន ១៥០ លានដូស រួមទាំងតាមរយៈការទិញដោយផ្ទាល់ពីអ្នកផលិត និងតាមរយៈយន្តការគម្រោងចែករំលែកវ៉ាក់សាំង COVAX នេះបើតាមការផ្សាយរបស់ CNA/Reuter កាលពីថ្ងៃពុធ។