បណ្តាញសង្គម

បុរសកូរ៉េខាងជើង បានធ្វើបត្យាប័នពីប្រទេសម៉ាឡេស៊ី ទៅសហរដ្ឋអាមេរិក

ពលរដ្ឋកូរ៉េខាងជើងម្នាក់ ត្រូវបាននាំខ្លួនទៅកាន់មន្ទីរឃុំឃាំងអាមេរិក កាលពីថ្ងៃសៅរ៍ បន្ទាប់ពីត្រូវបានធ្វើបត្យាប័នពីប្រទេសម៉ាឡេស៊ី ដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទលាងលុយកខ្វក់ ធ្វើឱ្យលោក ក្លាយជាជនជាតិកូរ៉េខាងជើងដំបូង ដែលត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងការកាត់ក្តី។

យោងតាមឯកសារដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន Associated Press (AP) បានអោយដឹងថា លោក Mun Chol Myong ស្ថិតនៅក្នុងមន្ទីរឃុំឃាំងរបស់ FBI នៅទីក្រុង Washington, DC កាលពីថ្ងៃសៅរ៍។

ការធ្វើបត្យាប័ននេះ បានកើតឡើងបន្ទាប់ពីតុលាការម៉ាឡេស៊ី បានច្រានចោលការអះអាងរបស់លោក ដែលថាការចោទប្រកាន់នេះ គឺជាហេតុផលនយោបាយ។ ក្រសួងយុត្តិធម៌អាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ កាលពីថ្ងៃអាទិត្យ។

ចៅក្រមសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោន បានចេញដីកាចាប់ខ្លួនលោក Mun កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៩ ពីបទលាងលុយកខ្វក់ និងពីបទសមគំនិត។ លោក Mun ដែលមានអាយុជាង ៥០ ឆ្នាំ បានរស់នៅក្នុងប្រទេសម៉ាឡេស៊ីអស់រយៈពេលមួយទសវត្សរ៍ ហើយត្រូវបានចាប់ខ្លួនកាលពីខែឧសភាឆ្នាំ ២០១៩ បន្ទាប់ពីសហរដ្ឋអាមេរិក បានស្នើសុំធ្វើបត្យាប័នលោក។

រដ្ឋាភិបាលម៉ាឡេស៊ីបានយល់ព្រមធ្វើបត្យាប័ន ប៉ុន្តែលោក Mun បានប្រឆាំងនឹងការបង្គាប់នេះ។ មេធាវីរបស់លោក បាននិយាយថា លោក Mun មានការព្រួយបារម្ភថា លោក នឹងមិនទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅសហរដ្ឋអាមេរិកទេ។

ពួកគេបានអះអាងថា ការធ្វើបត្យាប័ននេះ គឺមានហេតុផលនយោបាយ និងមានគោលបំណង ដើម្បីបង្កើនសម្ពាធទៅលើប្រទេសកូរ៉េខាងជើងលើកម្មវិធីមីស៊ីល។

លោក Mun បានបដិសេធការចោទប្រកាន់ ដែលថាលោក ជាប់ពាក់ព័ន្ធក្នុងការផ្គត់ផ្គង់ទំនិញប្រណីត ដែលហាមឃាត់ពីសិង្ហបុរី ទៅកូរ៉េខាងជើង ដែលបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ មុនពេលផ្លាស់ទៅរស់នៅម៉ាឡេស៊ីក្នុងឆ្នាំ ២០០៨ ។និងការចោទប្រកាន់មួយទៀត រឿងលាងមូលនីធិ តាមរយៈក្រុមហ៊ុនជួរមុខ និងផលិតឯកសារក្លែងបន្លំ ដើម្បីដឹកជញ្ជូនខុសច្បាប់។

ប្រទេសកូរ៉េខាងជើង ក៏បានបញ្ចប់នូវទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ីផងដែរ ជុំវិញការសម្រេចចិត្តធ្វើបត្យាប័នលោក Mun ទៅកាន់សហរដ្ឋអាមេរិក ក្នុងកិច្ចវិវឌ្ឍន៍ចុងក្រោយនៃការស្អប់ខ្ពើមកាន់តែខ្លាំងឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង ខណៈដែលកូរ៉េខាងជើងបង្កើនសម្ពាធទៅលើរដ្ឋបាលលោក Biden ជុំវិញការប្រឈមមុខនុយក្លេអ៊ែរ នេះបើតាមការផ្សាយរបស់ CNA/AP នៅថ្ងៃចន្ទនេះ។