បណ្តាញសង្គម

បាតុករថៃរាប់សិបនាក់ បានរងរបួសបន្ទាប់ពីការប្រមូលផ្តុំគ្នានៅក្បែរព្រះបរមរាជវាំង

មជ្ឈមណ្ឌលវេជ្ជសាស្ត្របន្ទាន់ថៃ បានឲ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញនេះថាជនស៊ីវិល និងប៉ូលីសជាង ៣០ នាក់ បានរងរបួសនៅក្នុងការតវ៉ានៅរាជធានីបាងកក បន្ទាប់ពីប៉ូលីស បានប្រើឧស្ម័នចេញទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកការប្រមូលផ្តុំគ្នានៅយប់មុន។

ប៉ូលីស បាននិយាយកាលពីថ្ងៃអាទិត្យថា សកម្មភាពរបស់ពួកគេ គឺស្របតាមស្តង់ដារអន្តរជាតិ ហើយក្រុមអ្នកតវ៉ា ២០ នាក់ ត្រូវបានចាប់ខ្លួនពីបទល្មើសច្បាប់ប្រមូលផ្តុំសាធារណៈ និងប្រមាថព្រះមហាក្សត្រ។

ក្រុមអ្នកតវ៉ា មិនអាចសុំការអត្ថាធិប្បាយបានភ្លាមៗនោះទេ ដោយមេដឹកនាំរបស់ពួកគេភាគច្រើន ត្រូវបានចាប់ខ្លួន។ រូបថតស្តេច ត្រូវបានធ្វើឱ្យខូចទ្រង់ទ្រាយនៅឯការតវ៉ាកាលពីរាត្រីថ្ងៃសៅរ៍ ដែលបានទាក់ទាញមនុស្សជាង ១.០០០ នាក់។

ក្រុមអ្នកតវ៉ា បានទាមទារឱ្យមានការកែទម្រង់រាជាធិបតេយ្យ ដោយបំបែកបម្រាមប្រពៃណី ដោយនិយាយថា រដ្ឋធម្មនុញ្ញ ដែលបានព្រាងដោយរបបយោធាបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ បានផ្តល់អំណាចដល់ព្រះមហាក្សត្រខ្លាំងពេក។

ព្រះបរមរាជវាំង ដែលបានបដិសេធមិនធ្វើអត្ថាធិប្បាយកាលពីថ្ងៃអាទិត្យ បានជៀសវាងការធ្វើអត្ថាធិប្បាយដោយផ្ទាល់ទៅលើការតវ៉ានេះ។ រដ្ឋាភិបាល បាននិយាយថា ការរិះគន់ព្រះមហាក្សត្រ គឺខុសច្បាប់ និងមិនសមរម្យ នេះបើតាមការផ្សាយរបស់ CNA/Reuter កាលពីថ្ងៃអាទិត្យ។