បណ្តាញសង្គម

មន្ត្រីប៉ូលិសអាមេរិកម្នាក់ ដែលបានស្លាប់ក្នុងការបាញ់ប្រហារនៅខូឡូរ៉ាដូ មានកូនចំនួន៧នាក់ និងធ្លាប់ព្យាយាមរកការងារថ្មី

 (ខូឡូរ៉ាដូ)៖ មន្ត្រីប៉ូលិសអាមេរិកម្នាក់ដែលបានស្លាប់ នៅក្នុងករណីបាញ់ប្រហារយ៉ាងកម្រោល នៅឯផ្សារទំនើបមួយកន្លែង ក្នុងរដ្ឋខូឡូរ៉ាដូ (Colorado) ត្រូវបានគេដឹងថា លោកមានកូនៗរហូតដល់ទៅ ០៧នាក់ឯណោះ ហើយក្រុមគ្រួសាររបស់លោក ក៏បានអះអាងទៀតថា មន្ត្រីប៉ូលិសរូបនេះធ្លាប់ព្យាយាមស្វែងរកការងារថ្មី ដើម្បីការពារក្រុមគ្រួសាររបស់លោកផងដែរ។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។ ការបាញ់ប្រហារយ៉ាងកម្រោល នៅក្នុងទីក្រុង បូលដឺ (Boulder) នៃរដ្ឋខូឡូរ៉ាដូ នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានបណ្តាលឲ្យមនុស្សសរុប ១០នាក់ស្លាប់ ដោយម្នាក់ជាមន្ត្រីប៉ូលិសខាងលើមានឈ្មោះថា អេរិក ថល្លី (Eric Talley)។

ស្នងការប៉ូលិសទីក្រុង Boulder លោកស្រី ម៉ារីស ហឺរ៉ូលដ៍ (Maris Herold) បានហៅលោក Eric Talley ថាជាវីរៈបុរស ព្រោះលោកបានទៅដល់ទីកន្លែងកើតហេតុមុនគេ និងបានតតាំងជាមួយខ្មាន់កាំភ្លើង ដែលក្រោយមកត្រូវបានចាប់ខ្លួន។

គួរបញ្ជាក់ថា លោក Eric Talley អាយុ ៥៥ឆ្នាំ និងបានចូលបម្រើការងារ ជាមន្ត្រីប៉ូលិសអាមេរិកជាង ១០ឆ្នាំមកហើយ។ បើតាមក្រុមគ្រួសាររបស់ Talley លោកឪពុកនៃកូនៗទាំង ០៧នាក់រូបនេះ ធ្លាប់បានព្យាយាមចង់ផ្លាស់ប្តូរតួនាទី ពីផ្នែកមន្ត្រីប៉ូលិសសកម្មជួរមុខ ដោយសារតែលោកចង់ការពារគ្រួសារ មិនឲ្យជួបរឿងដូចពេលនេះ។

ក្រុមគ្រួសារលោក Talley បានអះអាងទៀតថា កូនពៅរបស់លោកមានអាយុទើបតែ ០៧ឆ្នាំប៉ុណ្ណោះ ហើយលោកពិតជាស្រឡាញ់កូនៗលោកខ្លាំងណាស់៕

ដកស្រង់ពី៖ Fresh News