បណ្តាញសង្គម

សហរដ្ឋអាមេរិក គាំទ្រហ្វីលីពីននៅក្នុងជម្លោះជាប់គាំងជុំវិញបញ្ហាដែនសមុទ្រចិនខាងត្បូង

សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួន នឹងគាំទ្រប្រទេសហ្វីលីពីននៅក្នុងជំហថ្មីមួយជាមួយទីក្រុងប៉េកាំង នៅក្នុងដែនសមុទ្រចិនខាងត្បូងដែលមានជម្លោះ ហើយដែលទីក្រុងម៉ានីល បានស្នើសុំឲ្យទូកនេសាទចិន ចាកចេញពីថ្មប៉ប្រះទឹក។

ចិន មិនអើពើនឹងការអំពាវនាវនេះទេ ដោយទទូចថា ខ្លួន ជាម្ចាស់ទឹកដីនាយសមុទ្រនេះ។ ស្ថានទូតសហរដ្ឋអាមេរិក បាននិយាយថា ខ្លួន បានចែករំលែកការព្រួយបារម្ភរបស់ហ្វីលីពីននិងបានចោទប្រកាន់ប្រទេសចិនពីការប្រើប្រាស់ “កងជីវពលសមុទ្រ ដើម្បីបំភិតបំភ័យ និងគំរាមកំហែងដល់ប្រទេសដទៃទៀត ដែលបំផ្លាញដល់សន្តិភាព និងសន្តិសុខក្នុងតំបន់” ។ រ

ដ្ឋមន្រ្តីការពារជាតិហ្វីលីពីន កាលពីថ្ងៃអាទិត្យ បានទាមទារនាវាចិនចំនួន ២០០ គ្រឿងដែលលោកបាននិយាយថា ទូករបស់កងជីវពល ឲ្យចាកចេញពីតំបន់ថ្មប៉ប្រះទឹក Whitsun ដែលជាតំបន់ផ្កាថ្មរាក់ចម្ងាយប្រហែល ៣២៤ គីឡូម៉ែត្រ ភាគខាងលិចនៃទីប្រជុំជន Bataraza ក្នុងខេត្ត Palawan ភាគខាងលិចប្រទេសហ្វីលីពីន។

ថ្មប៉ប្រះទឹក ដែលពួកគេហៅថា Julian Felipe គឺស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសហ្វីលីពីន ហើយប្រទេសនេះ ទទួលបានសិទ្ធិផ្តាច់មុខក្នុងការធ្វើអាជីវកម្ម ឬអភិរក្សធនធានណាមួយ។ ឆ្មាំសមុទ្រហ្វីលីពីន បានប្រទះឃើញនាវាចិនប្រហែល ២២០ គ្រឿង កាលពីថ្ងៃទី ៧ ខែមិនា បានចតនៅឯថ្មប៉ប្រះទឹក ដែលក្រុងប៉េកាំង និងប្រទេសវៀតណាមផងដែរ ទាមទារយក។

រដ្ឋាភិបាលក្រុងប៉េកាំង បានបដិសេធថា នាវាទាំងនោះ មិនមែនជាកងជីវពលតាមសមុទ្រទេ។ ស្ថានទូតចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា “ការប៉ាន់ស្មានណាមួយនៅក្នុងរឿងនេះ មិនបានជួយអ្វីទេ ប៉ុន្តែបង្កឲ្យមានការក្តៅក្រហាយដែលមិនចាំបាច់” ។

ហើយខ្លួន សង្ឃឹមថា ស្ថានការណ៍នេះ អាចត្រូវបានដោះស្រាយតាមលក្ខណៈមិនលំអៀង និងសមហេតុផល។ ទោះយ៉ាងណា ស្ថានទូតសហរដ្ឋអាមេរិក បាននិយាយថា “ទូករបស់ចិន បានឈប់សំចតនៅក្នុងតំបន់នេះ អស់រយៈពេលជាច្រើនខែមកហើយ និងថែមទាំងបានបង្កើនចំនួនទូក ដោយមិនគិតពីអាកាសធាតុ” នេះបើតាមការផ្សាយរបស់ CNA/AP នៅថ្ងៃអង្គារនេះ។