បណ្តាញសង្គម

ចក្រភពអង់គ្លេស គ្រោងនឹងចាក់វ៉ាក់សាំងការពារ COVID-19 សម្រាប់កុមារ ចាប់ពីខែសីហា

បើតាមកាសែត The Telegraph បានរាយការណ៍នៅថ្ងៃអង្គារនេះថា កុមារនៅចក្រភពអង់គ្លេស នឹងចាប់ផ្តើមទទួលថ្នាំបង្ការ COVID-19 នៅដើមខែសីហាខាងមុខ ក្រោមផែនការបណ្តោះអាសន្នរបស់រដ្ឋាភិបាល ក្នុងការជំរុញភាពស៊ាំថ្នាក់ជាតិកម្រិតខ្ពស់ពីវីរុសនេះ។

ដោយដកស្រង់ប្រភពពីរ ដែលពាក់ព័ន្ធនឹងផែនការខាងលើនេះ កាសែត The Telegraph បានសរសេរថា ការកំណត់ពេលវេលានោះ គឺលឿនជាងការរំពឹងទុករាប់សិបខែ។

ក្រុមមន្រ្តីរដ្ឋាភិបាល កំពុងរង់ចាំរបកគំហើញពីការសិក្សាវ៉ាក់សាំងកុមារ ដែលត្រូវបានចាត់ចែងដោយសាកលវិទ្យាល័យ Oxford លើវ៉ាក់សាំងដែលខ្លួន បានបង្កើតជាមួយក្រុមហ៊ុន AstraZeneca មុនពេលធ្វើការសម្រេចចិត្តចុងក្រោយ លើការដាក់ឱ្យប្រើប្រាស់។

កាសែត The Telegraph បានសរសេរទៀតថា ទិន្នន័យសុវត្ថិភាពពីការសិក្សារបស់អ្នកស្ម័គ្រចិត្តចំនួន ៣០០ នាក់ ដែលមានអាយុចន្លោះពី ៦ ទៅ ១៧ ឆ្នាំ ត្រូវបានគេរំពឹងថា នឹងមានក្នុងពេលឆាប់ៗនេះ ជាមួយនឹងការសន្និដ្ឋាន ប្រហែលជានៅខែមិថុនា ឬខែកក្កដាខាងមុខ។

សាកលវិទ្យាល័យ Oxford មិនបានផ្តល់កាលបរិច្ឆេទសម្រាប់ការបញ្ចប់ការសិក្សានេះ នៅពេលចាប់ផ្តើមរបស់ខ្លួន កាលពីខែមុន។ នាយកដ្ឋានសុខភាពចក្រភពអង់គ្លេស និងសាកលវិទ្យាល័យ Oxford មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់កាសែត Reuters សុំការអត្ថាធិប្បាយនៅខាងក្រៅម៉ោងធ្វើការ នៅថ្ងៃអង្គារនេះទេ។