បណ្តាញសង្គម

គ្មានអ្នកឈ្នះភ្លាមៗ នៅក្នុងការបោះឆ្នោតនៅអ៊ីស្រាអែលទេ

លទ្ធផលនៃការស្ទង់មតិសម្រាប់ការបោះឆ្នោតលើកទី ៤ របស់អ៊ីស្រាអែល ក្នុងរយៈពេលពីរឆ្នាំបានលើកឡើងកាលពីថ្ងៃអង្គារថា គ្មានអ្នកឈ្នះភ្លាមៗទេ ដែលទុកឱ្យវាសនានយោបាយរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu នៅតែមិនទាន់សម្រេច។

គណបក្ស Likud ស្ដាំនិយមរបស់លោក Netanyahu បានឈ្នះ ៣១-៣២ អាសនៈ នេះបើយោងតាមការស្ទង់មតិ ដែលចេញផ្សាយនៅលើកញ្ចក់ទូរទស្សន៍ Kan ប៉ុស្តិ៍លេខ ១៣ ដែលគ្រប់គ្រងដោយរដ្ឋ និងទូរទស្សន៍ព័ត៌មាន N12 ។

យោងតាមការស្ទង់មតិ បានឱ្យដឹងថា ទន្ទឹមនឹងនេះគណបក្ស Likud របស់លោក Netanyahu និងប្លុកនៃគណបក្សចំនួន ៣ ដែលបានប្តេជ្ញាចូលរួមសម្ព័ន្ធភាពតែមួយ ដឹកនាំដោយមេដឹកនាំដ៏យូរលង់នោះ រួមគ្នាទាំងអស់ទទួលបានអាសនៈចំនួន ៥៣-៥៤ នៅក្នុងសភាដែលមាន ១២០ អាសនៈ។ គូប្រជែងនានារបស់លោក Netanyahu បានឈ្នះរួមគ្នាចំនួន ៥៩ អាសនៈ។

Yamina ដែលជាគណបក្សគាំទ្រអ្នកតាំងទីលំនៅ និងជាអតីតសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ Likud បានឈ្នះ ៧ ទៅ ៨ អាសនៈ។ គណបក្ស Yesh Atid ដែលជាគូប្រជែងដ៏សំខាន់របស់លោក Netanyahu បានឈ្នះអាសនៈចំនួន ១៧ ។

RAAM ដែលជាគណបក្សអ៊ីស្លាម មិនបានឆ្លងផុតពីការបោះឆ្នោតនោះទេ។ លោក Netanyahu ត្រូវការអាសនៈយ៉ាងតិច ៦១ នៅក្នុងសភា ដែលមាន ១២០ កៅអី ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។

ការបោះឆ្នោតលើកទី ៤ ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលតិចជាង ២ ឆ្នាំ កើតឡើងចំពេលមានភាពជាប់គាំងផ្នែកនយោបាយនៅប្រទេសអ៊ីស្រាអែល ខណៈដែលលោក Netanyahu ជានាយករដ្ឋមន្រ្តី ដែលកាន់អំណាចយូរជាងគេរបស់ប្រទេសអ៊ីស្រាអែល កំពុងប្រឈមនឹងការកាត់ទោសព្រហ្មទណ្ឌពីបទពុករលួយ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃពុធ។