បណ្តាញសង្គម

មនុស្ស១៤នាក់ រងរបួសនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក នៅឥណ្ឌូណេស៊ី

ប៉ូលិសឥណ្ឌូណេស៊ី បានសង្ស័យថាមនុស្ស២នាក់បានធ្វើសកម្មភាពវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត នៅខាងក្រៅវិហារគ្រឹស្តមួយ ក្នុងទីក្រុងម៉ាកាស់សា (Makassar) នៃខេត្តស៊ូឡាវេស៊ី ខាងត្បូង (South Sulawesi) ស្ថិតភាគខាងកើតនៃប្រទេស នៅថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១នេះ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។ បើតាមប៉ូលិសឥណ្ឌូណេស៊ី ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតខាងលើកើតឡើងកាលពីព្រឹកម៉ោង ១០៖៣០ព្រឹកមិញនេះ (ពេលវេលានៅ ឥណ្ឌូណេស៊ី) នៅឯខាងក្រៅវិហារគ្រឹស្ដមួយដែលកំពុងប្រារព្ធពិធីបុណ្យ Easter ដោយបណ្ដាលឱ្យមនុស្ស១៤នាក់រងរបួស។

មនុស្ស២នាក់ត្រូវបាន រាយការណ៍ថាជិះម៉ូតូមួយគ្រឿងព្យាយាមសម្រុកចូលក្នុងបរិវេណវិហារគ្រឹស្ដខាងលើ តែត្រូវបានបុគ្គលិកសន្តិសុខរារាំង។ បំណែកសាកសពមនុស្ស ក៏ត្រូវបានគេប្រទះឃើញផងដែរ ប៉ុន្តែនៅតែមិនទាន់មានការទទួលស្គាល់ថាជាបំណែកសពជនបំផ្ទុះគ្រាប់បែក ឬក៏នរណាម្នាក់ឡើយ។

មកទល់នឹងពេលនេះ ប៉ូលិសឥណ្ឌូណេស៊ី មិនទាន់អាចកំណត់ពីចេតនា ឬអ្នកនៅក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនេះទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង៕