បណ្តាញសង្គម

កប៉ាល់យក្ស ដែលជាប់គាំងនៅព្រែកជីកស៊ុយអេ ត្រូវទាញក្បាលឲ្យងាកចេញពីច្រាំង បានជាង១០០ម៉ែត្រ

 (អេហ្ស៉ីប)៖ អាជ្ញាធរប្រទេសអេហ្ស៉ីប នៅថ្ងៃចន្ទនេះបានឲ្យដឹងថា កប៉ាល់ដឹកទំនិញយក្ស Ever Given ដែលបានជាប់គាំង ហើយបង្កភាពរាំងស្ទះនៅព្រែកជីកស៊ុយអេ អស់រយៈពេលជិតមួយសប្តាហ៍មកហើយនោះ គឺត្រូវបង្វែរក្បាលទៅរកទិសដៅត្រឹមត្រូវវិញ បានគួរសមហើយ ប៉ុន្តែមិនទាន់ផុតពីការជាប់គាំងទាំងស្រុងនៅឡើយទេ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។ លោក អូសាម៉ា រ៉ាប៊ី (Osama Rabie) ប្រធានអាជ្ញាធរព្រែកជីកស៊ុយអេ បានប្រាប់ថា ក្បាលរបស់កប៉ាល់ដឹកទំនិញ Ever Given ត្រូវបានទាញឲ្យឃ្លាតក្បាលចេញពីច្រាំង បានចម្ងាយ១០២ម៉ែត្រ ធៀបនឹងកាលពីដំបូងដែលក្បាលរបស់វា ស្ថិតនៅត្រឹមចម្ងាយ០៤ម៉ែត្រប៉ុណ្ណោះ ក៏ប៉ុន្តែកប៉ាល់នេះ មិនទាន់រួចផុតពីការជាប់គាំងវិញទាំងស្រុងនោះទេ ខណៈកប៉ាល់សណ្តោងជាច្រើនគ្រឿង បាននិងកំពុងបន្តព្យាយាមអូសទាញកប៉ាល់យក្ស Ever Given។

គួរបញ្ជាក់ថា កប៉ាល់ខាងលើ ដែលមានបណ្តោយប្រវែង៤០០ម៉ែត្រ បានជាប់គាំងទទឹងទិសនៅព្រែកជីកស៊ុយអេ កាលពីថ្ងៃអង្គារសប្តាហ៍មុន កំឡុងពេលមានខ្យល់កន្ត្រាក់បោកបក់ខ្លាំង ដែលជាហេតុធ្វើឲ្យការចេញចូលច្រកផ្លូវទឹក ដែលជាផ្លូវកាត់រវាងតំបន់អឺរ៉ុបនិងអាស៉ីនេះត្រូវកកស្ទះ ដោយមកទល់ឥឡូវមានកប៉ាល់យ៉ាងតិចជាង៣០០គ្រឿង កំពុងរង់ចាំធ្វើដំណើរឆ្លងកាត់៕

ដកស្រង់ពី៖ Fresh News