បណ្តាញសង្គម

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «មនុស្សស្លាប់ក្នុងបាតុកម្មកើនដល់ ៤៥៩នាក់, ក្រុមសកម្មជនអំពាវនាវឲ្យ បណ្តាកងទ័ពជនជាតិភាគតិច ចូលរួមការតស៊ូប្រឆាំងយោធា»

  (រ៉ង់ហ្គូន)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះបានរាយការណ៍ឱ្យដឹងថា កងកម្លាំងសន្តិសុខនៃរបបយោធា បានសម្លាប់អ្នកតវ៉ាប្រឆាំងរដ្ឋប្រហារម្នាក់ និងបានធ្វើឱ្យក្មេងតូចម្នាក់រងរបួស នៅក្នុងអំពើហិង្សាថ្មីៗពេញមួយយប់ ខណៈក្រុមសកម្មជនប្រឆាំងយោធា បាននិងកំពុងអំពាវនាវដល់ ក្រុមប្រដាប់អាវុធជនជាតិភាគតិច ឱ្យគាំទ្រការតស៊ូរបស់ពួកគេ ប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។ សាក្សីបានគូសបញ្ជាក់ថា បន្ទាប់ពីថ្ងៃកើតមានការបង្ហូរឈាមដ៏អាក្រក់បំផុត ដែលបានបណ្តាលឲ្យមនុស្សសរុប ១១៤នាក់ស្លាប់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារជាថ្មី នៅក្នុងពិធីបុណ្យសពមួយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

បើតាមសមាគមផ្ដល់ជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) មនុស្ស ១៣នាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាប ដោយកងកម្លាំងរក្សាសន្តិសុខមីយ៉ាន់ម៉ា ដែលនាំឱ្យចំនួនជនស៊ីវិលសរុប ដែលត្រូវបានសម្លាប់ គិតចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ កើនឡើងដល់ ៤៥៩នាក់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ាដូចជា DVB និង មីហ្ស៊ីម៉ា (Mizzima) នៅថ្ងៃចន្ទនេះបានរាយការណ៍ថា បុរសម្នាក់ត្រូវបានបាញ់សម្លាប់ ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ នៅទីក្រុងផាថេន (Pathein) នៃតំបន់ អាយ៉េយ៉ាវ៉ាដឌី (Ayeyarwaddy) ខណៈក្មេងតូចអាយុ ១ឆ្នាំកន្លះម្នាក់ ត្រូវបានរងរបួសដោយសារការផ្ទុះអាវុធ នៅក្នុងសង្កាត់ ដាហ្គនខាងត្បូង (South Dagon) នៃទីក្រុងរ៉ង់ហ្គូន (Yangon)។

គួរបញ្ជាក់ថា គណៈកម្មាធិការរៀបចំកូដកម្ម GSCN ជាក្រុមមួយក្នុងចំណោមសំខាន់ៗ ដែលកំពុងដឹកនាំការធ្វើបាតុកម្ម ទូទាំងប្រទេសមីយ៉ាន់ម៉ា បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាការជំរុញឱ្យក្រុមប្រដាប់អាវុធជនជាតិភាគតិច «រួមគ្នាការពារប្រជាជន យុវជន ស្ត្រី កុមារ និងមនុស្សចាស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា» ដែលកំពុងប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា។

ការជំរុញពីក្រុមហ៊ុនប្រឆាំងរបបដឹកនាំយោធា និងការចេញមុខបង្ហាញការប្រឆាំង ពីសំណាក់ក្រុមប្រដាប់អាវុធជនជាតិភាគតិច ខាងលើនេះហើយ ទើបនាំឲ្យមានការផ្ទុះអាវុធធ្ងន់ធ្ងរ រវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពជនជាតិភាគតិចមួយចំនួន នៅតាមបណ្តារដ្ឋជាប់ព្រំដែន។

បើតាមសេចក្តីរាយការណ៍មួយផ្សេងទៀតបានឲ្យដឹងថា ប្រជាជនពីប្រទេសមីយ៉ាន់ម៉ាយ៉ាងហោចណាស់ ៣,០០០នាក់ បានរត់ភៀសខ្លួនទៅជ្រកកោណបណ្តោះអាសន្ន នៅលើទឹកដីប្រទេសថៃ បន្ទាប់ពីយន្តហោះចម្បាំងនៃកងទ័ពមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកទៅលើ ទីតាំងគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធ នៃសហភាពជាតិការ៉ែន (KNU) ស្ថិតនៅជាប់ព្រំដែនមីយ៉ាន់ម៉ា-ថៃ៕

ដកស្រង់ពី៖ Fresh News