បណ្តាញសង្គម

លោក ចូ បៃដិន៖ «ការបង្ក្រាបពីសំណាក់ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករ គឺពិតជាទង្វើដ៏សាហាវឃោរឃៅ» ​​​​(Video inside)

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សាប្រព្រឹត្តដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករ ដោយលោកចាត់ទុកការបង្រ្កាបយ៉ាងបង្ហូរឈាម កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះថា គឺជាទង្វើដ៏សាហាវឃោរឃៅ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ មនុស្សយ៉ាងហោច ១១៤នាក់ ត្រូវបានសម្លាប់នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ដោយសារតែគ្រាប់កាំភ្លើងរបស់ កងកម្លាំងសន្តិសុខនៃរបបយោធា ហើយការសម្លាប់យ៉ាងរង្គាលនេះ បានកើតមានឡើងនៅចំថ្ងៃ យោធាប្រារព្ធទិវាកងទ័ពជាតិ។

លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅកាលពីថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក) ថា ការបង្ក្រាបយ៉ាងបង្ហូរឈាម លើក្រុមបាតុករពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ជាទង្វើសាហាវឃោរឃៅ។ លោក បៃដិន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់។

វាគឺជាទង្វើដ៏សាហាវឃោរឃៅ...»។ ដោយឡែកសហភាពអឺរ៉ុប ក៏បានចាត់ទុកផងដែរថា អំពើហិង្សាប្រព្រឹត្តដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា គឺជារឿងមិនអាចទទួលយកបាន ខណៈប្រមុខកងទ័ពនៃប្រទេសចំនួន ១២ ក្នុងនោះមានទាំងសហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន និងអូស្ត្រាលី បានថ្កោលទោសយោធាមីយ៉ាន់ម៉ាយ៉ាងខ្លាំង៕

ដកស្រង់ពី៖ Fresh News