បណ្តាញសង្គម

ប្រធានាធិបតីប្រេស៉ីល ដោះដូររដ្ឋមន្រ្តីការបរទេស ក្នុងការរុះរើគណៈរដ្ឋមន្រ្តី

  (ប្រេស៉ីឡា)៖ ប្រធានាធិបតីប្រេស៊ីល លោក ហ៊្សែរ បូលសូណារ៉ូ (Jair Bolsonaro) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅប្រេស៉ីឡា) បានតែងតាំងលោក Carlos Alberto Franco Franca ឱ្យកាន់តំណែងជារដ្ឋមន្រ្តីការបរទេសប្រេស៉ីលជំនួសលោក Ernesto Araujo នៅក្នុងការរុះរើគណៈរដ្ឋមន្រ្តី។

នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ ។ លោក Araujo ត្រូវបានបង្ខំឱ្យចុះចេញពីតំណែង បន្ទាប់ពីសមាជិកសភា និងអ្នកការទូតជាន់ខ្ពស់ប្រេស៊ីលជាង ៣០០នាក់ បានចុះហត្ថលេខាលើលិខិតមួយ ដែលអំពាវនាវឱ្យបណ្តេញលោករដ្ឋមន្ត្រីរូបនេះ ចេញពីតំណែង ដោយបានចោទប្រកាន់លោកថា គោលនយោបាយការបរទេសរបស់លោក បានប្រឆាំងនឹងផលប្រយោជន៍ជាតិ និងកិច្ចពិភាក្សាអំពីការទទួលបាននូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ហើយពួកគេបានចាត់ទុកថា នេះជាការប្រព្រឹត្តមិនត្រូវគ្នានឹងគោលការណ៍រដ្ឋធម្មនុញ្ញ និងក្រមមូលដ្ឋាននៃទំនាក់ទំនងការបរទេស។

លិខិតខាងលើ ដែលត្រូវបានផ្តួចផ្តើមឡើងរួមគ្នា ដោយឯកអគ្គរដ្ឋទូតប្រេស៉ីលចំនួន១០រូប បានអះអាងថា ជំហរគោលនយោបាយរបស់លោក Araujo បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងអន្តរជាតិ និងមុខមាត់ជាតិរបស់ប្រទេសប្រេស៊ីល។

ចាប់តាំងពីលោក Araujo ឡើងកាន់តំណែងកាលពីខែមករា ឆ្នាំ២០១៩ មក ទំនាក់ទំនងការបរទេសរបស់ប្រទេសប្រេស៊ីល ត្រូវបានកត់សម្គាល់ដោយការរឹតបន្តឹងចំណងមិត្តភាព ជាមួយសហរដ្ឋអាមេរិក និងការសន្ទនាគ្នាយ៉ាងតឹងរ៉ឹង ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត របស់ប្រទេសប្រេស៊ីល។

គួរបញ្ជាក់ថា លោក Franca អាយុ ៥៦ឆ្នាំ ដែលត្រូវកាន់តំណែងជារដ្ឋមន្រ្តីការបរទេសប្រេស៉ីលថ្មីជំនួសលោក Araujo នេះ គឺជាអ្នកការទូតកំពូលម្នាក់ ដែលធ្លាប់បានបំពេញការងារ ខាងផ្នែកពិធីការនៅក្រសួងការបរទេសប្រេស៉ីល ហើយធ្លាប់បានបម្រើជាទូតប្រេស៉ីល ប្រចាំនៅសហរដ្ឋអាមេរិក ប៉ារ៉ាហ្គាយ និងប្រទេសបូលីវី ផងដែរ៕

ដកស្រង់ពី៖ Fresh News