បណ្តាញសង្គម

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤២នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

 (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃពុធនេះបានរាយការណ៍ ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤២ករណីបន្ថែមទៀត។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។ ជំនួយការអ្នកនាំពាក្យ CCSA លោកស្រី អភិសាម៉ៃ ស្រីរាំងសុន (Apisamai Srirangson) បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៤២នាក់ខាងលើនេះមាន ២៤នាក់ជាករណីឆ្លងសហគមន៍ និង ១៨នាក់ជាករណីនាំចូលពីក្រៅប្រទេស។

តំបន់ដែលបានរកឃើញអ្នកឆ្លង COVID-19 ច្រើនជាងគេនៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ គឺខេត្តសាមុតសាខន ដែលមានអ្នកឆ្លងថ្មីៗចំនួន ១១នាក់ និងទីក្រុងបាងកកចំនួន ១០នាក់។ គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៨,៨៦៣ករណី ក្នុងនោះមានអ្នកស្លាប់ ៩៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ២៧,៤២៦នាក់ (៩៥%)។

ក្នុងរយៈពេល ១សប្តាហ៍ចុងក្រោយនេះ ប្រទេសថៃត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះវិញ នូវករណីឆ្លងក្នុងស្រុកគួរឲ្យកត់សម្គាល់ ខណៈអាជ្ញាធរថៃបានអះអាងថា ស្ថានការណ៍ COVID-19 ក្នុងប្រទេសអាស៊ានមួយនេះ កំពុងស្ថិតក្នុងការគ្រប់គ្រង៕

ដកស្រង់ពី៖ Fresh News