បណ្តាញសង្គម

ក្រុមប្រឹក្សាសន្តិសុខ UN ជួបពិភាក្សាគ្នាជុំវិញការធ្វើតេស្ដមីស៊ីលកូរ៉េខាងជើង ដោយគ្មានចំណាត់ការ (Video inside)

(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅទីក្រញូយ៉ក) បានជួបប្រជុំគ្នាដើម្បីពិភាក្សាពីការបាញ់សាកល្បងមីស៊ីលរបស់ កូរ៉េខាងជើង ប៉ុន្តែមិនបានធ្វើសកម្មភាពអ្វីភ្លាមៗនោះទេ បើទោះជាសហរដ្ឋអាមេរិកនិយាយថាស្ថាប័នអន្តរជាតិកំពូលមួយនេះនឹងពិចារណាចាត់វិធានការថ្មីៗក៏ដោយ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។ ចំណោយពេលក្នុងកិច្ចប្រជុំបិទទ្វារជាងកន្លះម៉ោង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបមិនបានចេញផ្សាយ សេចក្ដីថ្លែងការណ៍ណាមួយ ផ្ទុយពីឆ្នាំ២០២០ ជាពេលដែលប្រទេសអឺរ៉ុបចំនួន៥ ចេញមុខថ្កោលទោសភ្លាមៗដោយចាត់ទុកថាការធ្វើតេស្ដមីស៊ីលដោយទីក្រុងព្យុងយ៉ាង នៅពេលនោះគឺជាសកម្មភាពបង្ករឿង។

យ៉ាងណាក៏ដោយ មន្ត្រីការទូតម្នាក់បាននិយាយថាបណ្ដាប្រទេសភាគច្រើនជាសមាជិកក្រុមប្រឹក្សាសន្តិសុខ សុទ្ធតែបានបង្ហាញពីក្ដីកង្វល់កំឡុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ ហើយបានអំពាវនាវជាថ្មីឱ្យមានកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរ បើទោះមិនមានការចេញសេចក្ដីថ្លែងការណ៍តាមការគ្រោងទុកក្ដី។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានថ្កោលទោសកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខដែលស្នើឡើងដោយអង់គ្លេស អេស្ដូនី បារាំង អ៊ែរឡង់ និងន័រវែស ហើយថែមទាំងចោទទៀត ផងថាក្រុមប្រឹក្សាសន្តិសុខមានស្ដង់ដារពីរ ដ្បិតប្រទេសដទៃទៀតក៏បានធ្វើតេស្ដមីស៊ីលដូចគ្នាដែរ។

កូរ៉េខាងជើងកាលពីសប្ដាហ៍មុន បានធ្វើតេស្ដមីស៊ីលចំនួន២គ្រាប់ ដែល សហរដ្ឋអាមេរិកជឿជាជាក់ថាមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ហើយដែលការបាញ់សាកល្បងមីស៊ីលប្រភេទនេះរបស់ទីក្រុងព្យុងយ៉ាងត្រូវបានហាមឃាត់នៅក្រោម ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

ដកស្រង់ពី៖ Fresh News