បណ្តាញសង្គម

សិង្ហបុរីនិងម៉ាឡេស៉ីបញ្ជូនកប៉ាល់ជួយតាមរក នាវាមុជទឹកឥណ្ឌូណេស៉ីដែលបាត់ដំណឹង ជាមួយនាវិក៥៣នាក់

 (ហ្សាការតា)៖ កប៉ាល់សង្រ្គោះរបស់សិង្ហបុរី និងម៉ាឡេស៉ី កំពុងត្រូវបញ្ជូនឲ្យទៅជួយ ក្នុងកិច្ចប្រឹងប្រែងតាមរក នាវាមុជទឹកឥណ្ឌូណេស៉ីមួយគ្រឿង  ដែលបានបាត់ដំណឹង ជាមួយនាវិក៥៣នាក់នៅក្នុងនោះ កាលពីថ្ងៃពុធសប្តាហ៍នេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។ អ្នកនាំពាក្យយោធាឥណ្ឌូណេស៉ី នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា សិង្ហបុរីកំពុងបញ្ជូនកប៉ាល់សង្រ្គោះរបស់ខ្លួន ឈ្មោះ MV Swift Rescue ឲ្យមកជួយ។

ចំណែកម៉ាឡេស៉ី ក៏កំពុងរៀបចំបញ្ជូនកប៉ាល់សង្រ្គោះមួយគ្រឿង ឈ្មោះ Mega Bakti ឲ្យមកជួយដូចគ្នាផងដែរ។ កប៉ាល់សង្រ្គោះរបស់ប្រទេសទាំងពីរ ត្រូវរំពឹងថា នឹងទៅដល់កន្លែងតាមរកនាវាមុជទឹកឥណ្ឌូណេស៉ី នៅខ្ទង់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា នាវាមុជទឹកឥណ្ឌូណេស៉ី KRI Nanggala 402 បានបាត់ដំណឹងកាលពីថ្ងៃពុធម្សិលមិញនេះ ជាមួយនាវិក៥៣នាក់ ពេលកំពុងធ្វើការហ្វឹកហ្វឺន នៅម្តុំដែនទឹកភាគខាងជើងកោះបាលី។ យោធាឥណ្ឌូណេស៉ីប្រាប់ថា ការហៀរប្រេងមួយ ត្រូវបានប្រទះឃើញ ក្បែរទីតាំង ដែលនាវាមុជចូលជ្រៅទៅក្នុងទឹក។

ប្រទេសដទៃទៀត រួមមានសហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង តួកគី ឥណ្ឌា រុស្ស៉ី និង អូស្រ្តាលី ក៏បានស្នើជួយឥណ្ឌូណេស៉ី តាមរកនាវាមុជទឹកនេះផងដែរ៕

ដកស្រង់ពី៖ Fresh News