បណ្តាញសង្គម

កូរ៉េខាងជើង និយាយថាគោលនយោបាយរបស់ Biden បង្ហាញពីចេតនារបស់អាមេរិកក្នុងការធ្វើឱ្យមានអរិភាព និងប្តេជ្ញាឆ្លើយតប

មន្ត្រីកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃអាទិត្យ (២ ឧសភា) ថា ការអត្ថាធិប្បាយថ្មីៗរបស់ប្រធានាធិបតីអាមេរិក Joe Biden និងសមាជិកនៃរដ្ឋបាលរបស់លោក បង្ហាញថា លោកមានចេតនារក្សាគោលនយោបាយអរិភាពចំពោះប្រទេសកូរ៉េខាងជើង ដែលនឹងតម្រូវការឆ្លើយតបពីទីក្រុងព្យុងយ៉ាង។

ការអត្ថាធិប្បាយរបស់មន្រ្តីទាំងនោះ បានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បន្ទាប់ពីសេតវិមានកាលពីថ្ងៃសុក្រ បាននិយាយថា មន្រ្តីអាមេរិក បានបញ្ចប់ការត្រួតពិនិត្យរយៈពេលមួយខែនៃគោលនយោបាយរបស់កូរ៉េខាងជើង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានជេរប្រមាថសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសខ្លួន ដោយការរិះគន់ពីស្ថានភាពសិទ្ធិមនុស្សរបស់កូរ៉េខាងជើង។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ អគ្គនាយកនៃនាយកដ្ឋានកិច្ចការអាមេរិករបស់ក្រសួងការបរទេសកូរ៉េ បានដកស្រង់សុន្ទរកថាគោលនយោបាយដំបូងរបស់លោក Biden ទៅកាន់សភា Congress កាលពីថ្ងៃពុធ ដែលប្រធានាធិបតីថ្មីរូបនេះ បាននិយាយថា កម្មវិធីនុយក្លេអ៊ែរនៅកូរ៉េខាងជើង និងអ៊ីរ៉ង់ បង្កការគំរាមកំហែង ដែលនឹងត្រូវដោះស្រាយ តាមរយៈ “ការទូត និងការគំញើញដ៏តឹងរឹង” ។

ក្រោមគោលនយោបាយ ដែលបានប្រកាសចេញកាលពីថ្ងៃសុក្រ លោក Biden បានដោះស្រាយវិធីសាស្រ្តថ្មី ក្នុងការដាក់សម្ពាធកូរ៉េខាងជើង ឱ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោង គឹតាមរយះការទូត ប៉ុន្តែមិនស្វែងរកការចរចារដ៏ធំជាមួយមេដឹកនាំកូរ៉េខាងជើងគីម-ជុងអ៊ុនទេ។

សេតវិមាន និងក្រសួងការបរទេសអាមេរិក មិនបានធ្វើអត្ថាធិប្បាយភ្លាមៗ លើសេចក្តីថ្លែងការណ៍ចុងក្រោយរបស់កូរ៉េខាងជើងទេ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីថ្ងៃអាទិត្យ។