បណ្តាញសង្គម

ហ្វីលីពីន ប្រាប់ប្រទេសចិន ឱ្យចាកចេញពីដែនទឹកដែលមានជម្លោះភ្លាម

អ្នកការទូតកំពូលរបស់ហ្វីលីពីន បានប្រាប់ទីក្រុងប៉េកាំងយ៉ាងប្រាកដ នូវទីកន្លែងដែលត្រូវទៅកាលពីថ្ងៃច័ន្ទ ខណៈដែលរដ្ឋាភិបាលហ្វីលីពីន បានទទូចថា នាវាចិន នៅតែស្ថិតនៅក្នុងដែនសមុទ្រចិនខាងត្បូងដោយខុសច្បាប់។

ជម្លោះចុងក្រោយរវាងទីក្រុងម៉ានីល និងប៉េកាំង ជុំវិញដែនទឹកដែលសម្បូរទៅដោយធនធានដែលចិនទាមទារស្ទើរតែទាំងអស់ បានឆាបឆេះឡើងនៅក្នុងខែមីនា បន្ទាប់ពីទូកចិនរាប់រយគ្រឿង ត្រូវបានគេប្រទះឃើញនៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន។

ប្រទេសចិន បានបដិសេធការអំពាវនាវម្តងហើយម្តងទៀតពីប្រទេសហ្វីលីពីន ឱ្យដកទូកចេញហើយភាពតានតឹង បានកើនឡើងនៅពេលទីក្រុងម៉ានីល បង្កើនការល្បាតតាមសមុទ្រនៅក្នុងតំបន់នោះ។ រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន ជាញឹកញាប់ប្រើភាសាខ្លាំងៗនៅលើបណ្តាញ Twitter និងការពារកំហឹងចុងក្រោយរបស់លោក ដោយនិយាយថា៖ "ការនិយាយភាសាការទូតទន់ភ្លន់ គ្មានបានទទួលផលទេ" ។

បទបញ្ជានេះ បានកើតឡើងនៅពេលដែលក្រសួងការបរទេសរបស់លោក បានចោទប្រកាន់ឆ្មាំសមុទ្ររបស់ប្រទេសចិនពី “សកម្មភាពបង្ករឿង” ប្រឆាំងនឹងទូកហ្វីលីពីន ដែលចូលរួមក្នុងសមយុទ្ធតាមសមុទ្រនៅក្បែរកោះ Scarborough ។ កោះ Scarborough ដែលគ្រប់គ្រងដោយប្រទេសចិន គឺជាកន្លែងនេសាទដែលសម្បូរធនធានបំផុតនៅក្នុងតំបន់ និងជាចំណុចលេចធ្លោមួយរវាងប្រទេសទាំងពីរ ទាមទារអះអាងជាម្ចាស់រៀងខ្លួន។

កោះ Scarborough ស្ថិតនៅចម្ងាយ ២៤០ គីឡូម៉ែត្រខាងលិចកោះ Luzon របស់ហ្វីលីពីន។ ស្ថានទូតចិនប្រចាំនៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃចន្ទ។