បណ្តាញសង្គម

ព្យុះស៊ីក្លូនដ៏ខ្លាំង បក់ឆ្ពោះមកកាន់ប្រទេសឥណ្ឌា

យ៉ាងហោចណាស់មានមនុស្ស ៤ នាក់ បានស្លាប់នៅក្នុងភ្លៀងធ្លាក់ឥតឈប់ និងខ្យល់បក់ ខណៈប្រទេសឥណ្ឌា ដែលរងការវាយប្រហារដោយវីរុស កំពុងប្រឈមនឹងព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយ ដោយមានមនុស្សរាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។

នាយកដ្ឋានឧតុនិយមឥណ្ឌា បានឲ្យដឹងថា ព្យុះស៊ីក្លូន Tauktae ដែលជាព្យុះត្រូពិកដ៏ធំដំបូងបង្អស់របស់ប្រទេសឥណ្ឌានៅរដូវនេះ កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងជើង ស្របជាមួយឆ្នេរភាគខាងលិចរបស់ប្រទេស ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ និងខ្យល់យ៉ាងខ្លាំងនៅតាមរដ្ឋជាច្រើន។

ការិយាល័យឧតុនិយម បានបន្ថែមទៀតថា នឹងរំពឹងថា មានបំណាក់ដីនៅតំបន់ឆ្នេរ Gujarat នៅយប់ថ្ងៃចន្ទ ដោយនាំមកនូវល្បឿនខ្យល់ប្រហែល ១៥០ គីឡូម៉ែត្រដល់ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ៤ នាក់ បានបាត់បង់ជីវិតកាលពីថ្ងៃសៅរ៍ ដោយសារភ្លៀង និងខ្យល់បោកបក់ បានបំផ្លាញរដ្ឋ Karnataka ។

ក្រុមមន្រ្តី បានបន្ថែមថា ទីប្រជុំជន និងភូមិជាច្រើន ត្រូវបានជន់លិច ហើយទ្រព្យសម្បត្តិជាច្រើន បានខូចខាត។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានផ្សាយថា មនុស្សពីរនាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថាបានស្លាប់ ហើយអ្នកនេសាទ ២៣ នាក់ បានបាត់ខ្លួននៅក្នុងរដ្ឋ Kerala ជិតខាង។

ក្រុមមន្ត្រី បានប្រាប់សារព័ត៌មាន AFP ថា មនុស្សរហូតដល់ ៧៥.០០០ នាក់ ត្រូវបានជម្លៀសចេញពីស្រុកនៅតាមឆ្នេរសមុទ្រ ក្នុងរដ្ឋ Gujarat ដែលការចាក់វ៉ាក់សាំង COVID-19 នឹងត្រូវផ្អាកនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ។