បណ្តាញសង្គម

ការវាយប្រហារពីអ៊ីស្រាអែល បានសម្លាប់មនុស្ស ៣៣ នាក់នៅតំបន់ Gaza មុនពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន ៣៣ នាក់ នៅតំបន់ Gaza Strip កាលពីថ្ងៃអាទិត្យ ដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏អាក្រក់បំផុត មិនទាន់មាននៅក្នុងការប៉ះទង្គិចគ្នារយៈពេលជិតមួយសប្តាហ៍ ខណះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានត្រៀមជួបប្រជុំគ្នា ចំពេលមានការព្រួយបារម្ភជាសកលជុំវិញជម្លោះដែលកំពុងកើនឡើងមួយនេះ។

ការប្រយុទ្ធខ្លាំងបំផុតចាប់តាំងពីឆ្នាំ ២០១៤ បានបង្កនូវការរំជើបរំជួលនៅក្នុងក្រុង Jerusalem គេបានឃើញគូប្រជែងទាំងពីរ ជាថ្មីម្តងទៀតបានបាញ់គ្នាយ៉ាងខ្លាំង ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៨១ នាក់ នៅតំបន់ឆ្នេរសមុទ្រ Gaza ដ៏កកកុញក្បែរនោះ ចាប់តាំងពីថ្ងៃច័ន្ទ និងឡើងដល់ ១០ នាក់នៅអ៊ីស្រាអែល។

នៅតំបន់ Gaza ក្រុមសង្គ្រោះបន្ទាន់ បានធ្វើការទាញសាកសពចេញពីគំនរដ៏ធំនៃបំណែកហុយផ្សែង និងខ្មោចអគារដែលដួលរលំ ខណៈដែលសាច់ញាតិជនរងគ្រោះ បានស្រែកយំនៅក្នុងភាពភ័យរន្ធត់ និងទុក្ខព្រួយ។

អគ្គលេខាធិការអ.ស.ប លោក Antonio Guterres មានការស្រងាកចិត្តចំពោះការបាត់បង់ជីវិតជនស៊ីវិលនៅក្នុងតំបន់ Gaza និងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនៅថ្ងៃសៅរ៍លើអគារការិយាល័យសារព័ត៌មាន AP និងការិយាល័យ Al Jazeera ។

កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា រ៉ុក្កែតប្រហែល ៣.០០០ គ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ឆ្នេរសមុទ្រ ឆ្ពោះទៅប្រទេសអ៊ីស្រាអែល ដែលជាអត្រាខ្ពស់បំផុត មិនធ្លាប់មាន ដែលក្នុងនោះប្រហែល ៤៤០ គ្រាប់ បានបាញ់ខុសនៅតំបន់ Gaza Strip ។

យ៉ាងហោចណាស់មានកុមារ ៥២ នាក់ បានបាត់បង់ជីវិតនៅក្នុងតំបន់ Gaza មនុស្សជាង ១.២០០ នាក់ ត្រូវបានគេរាយការណ៍ថា បានរងរបួស ហើយអគារ និងប្លុកទីក្រុងទាំងមូល ត្រូវបានបាក់បែក នេះបើតាមការផ្សាយរបស់ CNA/AFP កាលពីយប់ថ្ងៃអាទិត្យ។