បណ្តាញសង្គម

UNICEF ស្នើឲ្យក្រុមប្រទេស G7 បរិច្ចាគវ៉ាក់សាំងដល់កម្មវិធី COVAX

 (ហ្សឺណែវ)៖ ប្រធានមូលនិធិកុមារនៃអង្គការសហប្រជាជាតិ ហៅកាត់យូនីសេហ្វ (UNICEF) នៅថ្ងៃចន្ទនេះបានស្នើដល់ក្រុមបណ្តាប្រទេស G7 ឱ្យបរិច្ចាគវ៉ាក់សាំងដល់គម្រោងចែកចាយវ៉ាក់សាំងជាសកល កូវ៉ាក់ស៍ (COVAX) ដែលជាវិធានការចាំបាច់ និងបន្ទាន់មួយ ដើម្បីដោះស្រាយកង្វះខាតធ្ងន់ធ្ងរ ដែលបានបណ្តាលមកពីការផ្អាក ការនាំចេញវ៉ាក់សាំងពីឥណ្ឌា។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។ អង្គការ UNICEF ដែលទទួលបន្ទុកលើការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-19 តាមរយៈគម្រោង COVAX បានប៉ាន់ប្រមាណថា ការផ្គត់ផ្គង់វ៉ាក់សាំង គឺមានភាពខ្វះខាតប្រហែល ១៤០លានដូសនៅចុងខែឧសភា និងប្រហែល ១៩០លាននៅចុងខែមិថុនា។

ជុំវិញបញ្ហានេះ ប្រធានអង្គការ UNICEF លោកស្រី ហិនរាតតា ហ្វ័រ (Henrietta Fore) បានលើកឡើងថា «ការចែករំលែកវ៉ាក់សាំងដែលលើស គឺជាកម្រិតតិចតួចបំផុត តែវាជាវិធានការដ៏ចាំបាច់ និងបន្ទាន់មួយ ហើយវាត្រូវការបំផុតនាពេលបច្ចុប្បន្ននេះ ព្រោះវាអាចជួយការពារប្រទេស ដែលងាយរងគ្រោះបំផុតចេញពីការក្លាយជាចំណុចក្ដៅ នៃការឆ្លងរាលដាលជំងឺ COVID-19 នៅលើពិភពលោក»។

តាមរយៈការស្រាវជ្រាវថ្មីពីក្រុមហ៊ុនស្រាវជ្រាវ និងវិភាគវិទ្យាសាស្ត្រ អ៊ែរហ្វីនីធី (Airfinity) លោកស្រី Henrietta Fore បានមានប្រសាសន៍បន្ថែមថា ក្រុមបណ្ដាប្រទេស G7 អាចបរិច្ចាគវ៉ាក់សាំងចំនួន ១៥៣លានដូស ប្រសិនបើពួកគេចែកចាយតែ ២០ភាគរយនៃវ៉ាក់សាំងដែលពួកគេមាននៅខែមិថុនា ខែកក្កដា និងខែសីហា។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាបានផ្អាកការនាំចេញវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ដែលផលិតឡើងដោយវិទ្យាស្ថានស៊ែរឹម (Serum) របស់ខ្លួន ខណៈប្រទេសនេះកំពុងព្យាយាមប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលរលកទី ២ នៃជំងឺ COVID-19 ដ៏កាចសាហាវនេះ៕

ដកស្រង់ពី៖ Fresh News