បណ្តាញសង្គម

ថៃរាយការណ៍ពីមនុស្សស្លាប់ច្រើនបំផុត «៣៥នាក់ក្នុង១ថ្ងៃ» ដោយសារកូវីដ-១៩ ខណៈមនុស្ស ២,៤៧៣នាក់ទៀតឆ្លង

(បាងកក)៖ ក្រសួងសុខាភិបាលថៃបានប្រកាស នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១នេះថា អ្នកជំងឺ COVID-19 ចំនួន ៣៥នាក់ទៀតបានបាត់បង់ជីវិត ដែលនេះជាចំនួនករណីស្លាប់ច្រើនបំផុត ក្នុងមួយថ្ងៃនៅក្នុងប្រទេសអាស៊ានមួយនេះ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation។ ថៃក៏បានប្រកាសផងដែរថា ករណីឆ្លងជំងឺ COVID-19 សរុប ២,៤៧៣នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេល ១ថ្ងៃដូចគ្នា ហើយក្នុងចំណោមនោះ ៦៨០នាក់គឺជាករណីឆ្លង ដែលត្រូវបានរកឃើញនៅតាមពន្ធនាគារ។

ដោយឡែកអ្នកជំងឺ ២,៧២៨នាក់ទៀតបានជាសះស្បើយ។ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសថៃកើនដល់ ១១៣,៥៥៥ករណី ក្នុងនោះមានអ្នកស្លាប់ ៦៤៩នាក់ និងជាសះស្បើយវិញ ៦៩,៩១៨នាក់ ខណៈអ្នកជំងឺជិត ៤៣,០០០នាក់ទៀតកំពុងសម្រាកព្យាបាល។

សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 គិតត្រឹមថ្ងៃទី១៧ ខែឧសភា ប្រទេសថៃសម្រេចបាន ២.២៦លានដូស ក្នុងនោះមនុស្សជាង ១,៤៨២,៧០០នាក់ (ស្មើនឹង ២.១% នៃចំនួនប្រជាជនថៃសរុប) បានចាក់ដូសដំបូង និងជិត ៧៨២,០០០នាក់ (ស្មើនឹង ១.១% នៃចំនួនប្រជាជនថៃសរុប) បានចាក់គ្រប់ដូស៕

ដកស្រង់ពី៖ Fresh News