បណ្តាញសង្គម

អ៊ីស្រាអែល ចោទទូរទស្សន៍រដ្ឋរបស់ប្រទេសចិន ពីបទស្អប់ជនជាតិជ្វីហ្វដោយឥតលាក់លៀម

ស្ថានទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងប៉េកាំង បានចោទប្រកាន់ស្ថានីយផ្សាយព័ត៌មានរដ្ឋរបស់ប្រទេសចិនថា “ស្អប់ជនជាតិជ្វីហ្វដោយឥតលាក់លៀម” នៅក្នុងរបាយការណ៍ផ្សាយមួយលើគោលនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងអំពើហិង្សាដ៏សាហាវ ដែលកំពុងបន្តកើតមាននៅលើទឹកដីប៉ាឡេស្ទីន និងអ៊ីស្រាអែល។

ពិធីករប្រចាំប៉ុស្តិ CGTN ដែលជាភ្នាក់ងារផ្សាយជាភាសាអង់គ្លេសនៃទូរទស្សន៍រដ្ឋចិន CCTV កាលពីថ្ងៃអង្គារ បានលើកឡើងពីធាតុផ្សំជាច្រើននៃទ្រឹស្តីឃុបឃិតស្អប់ជនជាតិជ្វីស ខណះពិភាក្សាអំពីការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែល។

ន័យប្រៀបធៀបទាំងនេះ ជាញឹកញាប់ត្រូវបានបង្ហាញ ដោយស្ថាប័នប្រឆាំងនឹងជនជាតិជ្វីហ្វ ដើម្បីបង្កាច់បង្ខូចប្រជាជនជ្វីហ្វ។ របាយការណ៍ផ្សាយរបស់ប៉ុស្តិ CGTN បានកើតឡើង ក្នុងកំឡុងពេលមានអំពើហឹង្សាដ៏អាក្រក់បំផុតរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនក្នុងរយៈពេលជាច្រើនឆ្នាំមក។ ប្រជាជនប៉ាឡេស្ទីនជាង ២០០ នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ១០ ខែឧសភា។

រ៉ុក្កែតដែលបាញ់ចេញពីតំបន់ Gaza Strip បានសម្លាប់មនុស្ស ១២ នាក់នៅអ៊ីស្រាអែល។ ប្រទេសចិន បានរិះគន់សហរដ្ឋអាមេរិកពីបទរារាំងសេចក្តីថ្លែងការណ៍រួមស្តីពីវិបត្តិនេះ នាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានអំពាវនាវឱ្យមានដំណោះស្រាយរដ្ឋទាំងពីរ។

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ទាំងសងខាង និងដើម្បីឱ្យអ៊ីស្រាអែលដកការរាំងខ្ទប់តំបន់ Gaza ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក ក៏បានស្នើធ្វើម្ចាស់ផ្ទះកិច្ចចរចាអ៊ីស្រាអែល និងប៉ាឡេស្ទីននៅក្នុងប្រទេសចិន សម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់។ ជម្លោះដែលកំពុងកើនឡើងនេះ គឺជាប្រធានបទដែលបែកខ្ញែកគ្នានៅលើបណ្តាញសង្គមចិនទីដែលមានក្រុមស្អប់ពួកអ៊ីស្លាមក្នុងចំនួនច្រើន និងក្រុមប្រឆាំងជនប៉ាឡេស្ទីន ក៏ដូចជាក្រុមអាណិតអាសូរដល់ប្រជាជនប៉ាឡេស្ទីន នេះបើតាមការផ្សាយរបស់ CNA/AFP កាលពីល្ងាចថ្ងៃពុធ។