បណ្តាញសង្គម

ទីបំផុតលោក ចូ បៃដិន ចុះហត្ថលេខាលើ «ច្បាប់ប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មបែបខ្ពើម» ដើម្បីការពារជនជាតិអាមេរិក ដើមកំណើតអាស៊ី

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានចុះហត្ថលេខាហើយ លើច្បាប់ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបែបស្អប់ខ្ពើម ឬ ហេត ក្រែមស៍ អ៊ែក «Hate Crimes Act» ដែលមានគោលដៅប្រយុទ្ធប្រឆាំង នឹងការរើសអើងពូជសាសន៍ ជាពិសេសគឺការកើនឡើងនៃ «អំពើហិង្សារើសអើងពូជសាសន៍» លើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។

លោក ចូ បៃដិន បានគូសបញ្ជាក់នៅឯពិធីចុះហត្ថលេខាយ៉ាងដូច្នេះថា «សាររបស់ខ្ញុំទៅកាន់អ្នកទាំងអស់គ្នា ដែលកំពុងរងការឈឺចាប់, យើងកំពុងសម្លឹងមើលអ្នក ហើយសភាទាំងពីរក៏បាននិយាយដែរថា យើងកំពុងសម្លឹងមើលអ្នក... យើងបានប្ដេជ្ញាចិត្តបញ្ឈប់រាល់អំពើស្អប់ខ្ពើម និងទង្វើរើសអើង ឬលម្អៀងទាំងឡាយ»។

គួរបញ្ជាក់ថា សភាតំណាងរាស្រ្តអាមេរិកកាលពីដើមសប្ដាហ៍នេះ បានអនុម័តលើច្បាប់ Hate Crimes Act ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើង នៃការរើសអើងពូជសាសន៍ លើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី បន្ទាប់ពីច្បាប់នេះត្រូវបានព្រឹទ្ធសភាអាមេរិក អនុម័តកាលពីពេលថ្មីៗនេះ។

ច្បាប់ថ្មីនេះនឹងតម្រូវឱ្យក្រសួងយុត្តិធម៌អាមេរិក ផ្ដោតលើការអនុវត្តច្បាប់ប្រឆាំង អំពើហិង្សារើសអើងពូជសាសន៍ លើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី និងពលរដ្ឋអាមេរិកមានដើមកំណើតមកពី ប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិកជាដើម។

អំពើហិង្សាលើពលរដ្ឋអាមេរិកមានដើមកំណើតអាស៊ី បានកើនឡើងយ៉ាងខ្លាំង អំឡុងការឆ្លងរាតត្បាត COVID-19 ជាពិសេសក្រោយមានករណីបាញ់ប្រហារ សម្លាប់ស្ត្រីជាជនជាតិអាស៊ី ០៦នាក់ ក្នុងរដ្ឋ ចរជា (Georgia) កាលពីខែមីនាកន្លងទៅ។

បើតាមអង្គការសង្គមស៊ីវិល Stop AAPI Hate អំពើហិង្សាប្រឆាំងជនជាតិអាស៊ីនៅទូទាំង សហរដ្ឋអាមេរិកបានកើតឡើងចំនួន ៣,៧៩៥ករណី រាប់ចាប់ពីខែមីនា ឆ្នាំ២០២០ ដល់ខែកុម្ភៈ ឆ្នាំ២០២១៕

ដកស្រង់ពី៖ Fresh News