បណ្តាញសង្គម

ជប៉ុនព្រមានថា អាចនឹងបង្កកជំនួយគ្រប់បែបយ៉ាងទាំងអស់ ទៅកាន់មីយ៉ាន់ម៉ា

 (តូក្យូ)៖ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក តូស៉ីមីតស៊ូ ម៉ូតេគិ (Toshimitsu Motegi) បានព្រមាននៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយនៅថ្ងៃសុក្រនេះថា ទីក្រុងតូក្យូអាចផ្អាករាល់ការផ្ដល់ជំនួយទាំងអស់ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ខណៈរបបយោធានៅតែបន្ត ប្រើប្រាស់កម្លាំងបង្ក្រាបគ្មានបង្អង់ដៃ ទៅលើក្រុមអ្នកប្រឆាំងនឹងរដ្ឋប្រហាររបស់ខ្លួន។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។

ប្រទេសជប៉ុន គឺជាអ្នកផ្តល់ជំនួយដ៏ធំបំផុតមួយរបស់មីយ៉ាន់ម៉ា ប៉ុន្តែក៏បានផ្អាកការផ្ដល់ជំនួយថ្មីៗ ទៅកាន់ប្រទេសនេះរួចទៅហើយដែរ បន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំស៊ីវិល លោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) ពីតំណែងកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ ដែលបង្កឱ្យមានការបះបោរទ្រង់ទ្រាយធំមួយ ដោយប្រជាជននាំគ្នាចុះផ្លូវ ដើម្បីធ្វើបាតុកម្មតវ៉ាទាមទារ លិទ្ធិប្រជាធិបតេយ្យវិញ។

ប៉ុន្តែលោក Toshimitsu Motegi បានថ្លែងប្រាប់សារព័ត៌មានជប៉ុន Nikkei ថា ការផ្អាកជំនួយអាចត្រូវបានពង្រីកធំជាងនេះទៅទៀត។លោកបាននិយាយថា «យើងមិនចង់ធ្វើវាទាល់តែសោះ តែយើងត្រូវតែបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា វានឹងពិបាកនៅបន្តយ៉ាងដូច្នេះទៀតណាស់ នៅក្រោមកាលៈទេសៈទាំងនេះ។

ក្នុងនាមជាប្រទេសមួយ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ាតាមវិធីផ្សេងៗគ្នា ហើយក្នុងនាមជាមិត្ត យើងត្រូវតែធ្វើជាតំណាងសហគមន៍អន្តរជាតិ និងបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីជំហរយើង»។

គួរបញ្ជាក់ថា ប្រទេសជប៉ុន បានប្រកាសកាលពីខែមីនាកន្លងទៅថា ខ្លួននឹងផ្អាករាល់ការផ្ដល់ជំនួយថ្មីៗទាំងអស់ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាការឆ្លើយតបទៅនឹងរដ្ឋប្រហារ ប៉ុន្តែមិនបានដាក់ទណ្ឌកម្មជាលក្ខណៈបុគ្គល ទៅលើមេបញ្ជាការស្ថាប័នយោធា និងប៉ូលិស ដូចដែលត្រូវបានធ្វើឡើងដោយប្រទេសមួយចំនួនឡើយ៕

ដកស្រង់ពី៖ Fresh News