បណ្តាញសង្គម

ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣,៤៨១នាក់ និងស្លាប់៣២នាក់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

 (បាងកក)៖ ក្រសួងសុខាភិបាលនៃប្រទេសថៃ នៅថ្ងៃសុក្រនេះ បានរាយការណ៍ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានអ្នកជំងឺ COVID-19 ចំនួន៣២នាក់ទៀតបានស្លាប់ ហើយករណីឆ្លងថ្មីៗចំនួន៣,៤៨១នាក់ ត្រូវបានរកឃើញ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗ ៣,៤៨១នាក់ ចំនួន៩៥១នាក់ ត្រូវបានរកឃើញ នៅតាមពន្ធនាគារ។

ក្រោយបូកបន្ថែមករណីឆ្លងនិងស្លាប់ថ្មីខាងលើ នាពេលនេះ ថៃបានកត់ត្រាករណីឆ្លងនៃជំងឺ COVID-19 នៅទូទាំងប្រទេសសរុបកើនដល់ ១២៣,០៦៦នាក់ ហើយករណីស្លាប់កើនដល់៧៣៥នាក់។

យោងតាមក្រសួងសុខាភិបាលថៃ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អ្នកជំងឺ២,៨៦៨នាក់ ក៏ទើបត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយផងដែរ នាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ៧៩,៥០៤នាក់។

គួរបញ្ជាក់ថា គិតចាប់តាំងពីរលកឆ្លងរាតត្បាត COVID-19 លើកទី៣ ដែលមានសភាពធ្ងន់ធ្ងរជាងគេ បានចាប់ផ្តើមនៅក្នុងប្រទេសថៃ កាលពីដើមខែមេសា ករណីឆ្លងដល់ទៅ ៩៤,២០៣ករណី ត្រូវបានរកឃើញ ដោយក្នុងនោះ៥២,០៧៨នាក់ បានជាសះស្បើយឡើងវិញ៕

ដកស្រង់ពី៖ Fresh News