បណ្តាញសង្គម

សហរដ្ឋអាមេរិក៖ មនុស្ស ៣០,២១៤នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៥៩នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ ​​​​(Video inside)

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣០,២១៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៥៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៨៣៣,១៨១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០២,៦១៦នាក់ និងជាសះស្បើយឡើងសរុប ២៧,៣៥៨,៦៥១នាក់។

សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ នៅថ្ងៃអង្គារសប្តាហ៍នេះ អ្នកជំនាញកំពូលអាមេរិកលោក Anthony Fauci បានគូសបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer-BioNTech និង Moderna មានប្រសិទ្ធភាពប្រឆាំងនឹង វីរុសបំប្លែងថ្មីនៅឥណ្ឌា ដោយការពារអ្នកជំងឺមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងស្លាប់ ហើយនេះជាហេតុផលមួយ ដែលមនុស្សគ្រប់រូបត្រូវតែចាក់វ៉ាក់សាំងបង្ការ ដោយមិនត្រូវបង្អង់យូរទៀតនោះឡើយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៧៦លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៥៨.៣៦លាននាក់ (៤៨.២%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១២៤.៤៥លាននាក់ (៣៧.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

ដកស្រង់ពី៖ Fresh News