បណ្តាញសង្គម

ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នឹងស៊ើបអង្កេតឧក្រិដ្ឋកម្មក្នុងជម្លោះទើបបញ្ចប់រវាងអ៊ីស្រាអែល-ហាម៉ាស់

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) បានឯកភាពបើកស៊ើបអង្កេតជាអន្តរជាតិមួយ ទៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស់ ដែលទើបតែបញ្ចប់ ពាក់ព័ន្ធការបំពានសិទ្ធិមនុស្ស និងការរំលោភបំពានសិទ្ធិជាប្រព័ន្ធនៅក្នុងដែនដីប៉ាឡេស្ទីន និងអីស្រាអែល។

អ៊ីស្រាអែល ច្រានចោល និងមិនសហការឡើយ។នៅក្នុងកិច្ចប្រជុំពិសេសនៅថ្ងៃទី២៧ ខែឧសភា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយ ដែលស្នើដោយអង្គការសហប្រតិបត្តិការឥស្លាម (OIC) និងតំណាងប៉ាឡេស្ទីន នៅអង្គការសហប្រជាជាតិ។

ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សចំនួន៤៧ ប្រទេស២៤គាំទ្រ, ប្រទេស៩ប្រឆាំង និង១៤សំឡេងអនុបវាទ។ សេចក្តីសម្រេចខាងលើ បានស្នើឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតអចិន្រ្តៃយ៍ (COI) ដែលត្រូវតាមដាន និងរាយការណ៍ពីការបំពានសិទ្ធិមនុស្សនៅក្នុងដែនដីកាហ្សា តំបន់ត្រើយខាងលិច (West Bank) និងក្រុងហ៊្សេរុយសាឡិមខាងកើត។

បន្ថែមពីនេះ គណៈកម្មការស៊ើបអង្កេតអចិន្រ្តៃយ៍ ក៏មានមុខនាទីស៊ើបអង្កេតរកមូលហេតុ ដែលបង្កឱ្យមានជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនជារឿយៗ, អស្ថិរភាព, ការអូសបន្លាយនៃជម្លោះ, ការរើសអើង និងការបង្រ្កាបជាដើម។

ជាមួយគ្នា ការស៊ើបអង្កេត នឹងផ្តោតលើការប្រមូលភស្តុតាងសម្រាប់នីតិវិធីច្បាប់ និងកំណត់ជនល្មើស ដែលបង្កជម្លោះផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។

យ៉ាងណាមិញ សេចក្តីសម្រេចដដែលនេះ ត្រូវបានអ៊ីស្រាអែលបដិសេដ និងមិនសហការជាមួយគណៈកម្មការ ដែលត្រូវស៊ើបអង្កេតបទឧក្រិដ្ឋក្នុងដែនដីប៉ាឡេស្ទីនឡើយ ខណៈប៉ាគីស្ថាន រួមទាំងក្រុមហាម៉ាស់ផង បានប្រកាសសាទរ។

«សេចក្តីសម្រេចដ៏គួរឱ្យអាម៉ាស់ថ្ងៃនេះ ជាឧទាហរណ៍មួយទៀត នៃការប្រឆាំងអ៊ីស្រាអែលពីសំណាក់ក្រុមប្រឹក្សាសិទ្ធិមនុស្សដោយឥតលាក់លៀម»។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានលើកឡើងបែបនេះ ដោយបន្ថែមថា នេះជាមើលស្រាលច្បាប់អន្តរជាតិ និងលើកទឹកចិត្តឱ្យមានភេរវកម្មនៅគ្រប់កន្លែងទាំងអស់។ ចំណែកអាជ្ញាធរប៉ាឡេស្ទីនឯណោះវិញ បានគាំទ្រសេចក្តីសម្រេចខាងលើ ដោយអះអាងថា សហគមន៍អន្តរជាតិ កាន់តែទទួលស្គាល់ ការបង្រ្កាបជាប្រព័ន្ធ និងរើសអើងរបស់អ៊ីស្រាអែល មកលើប្រជាជនប៉ាឡេស្ទីន។

ឯក្រុមហាម៉ាស់ ដែលមានវត្តមាននៅតំបន់កាហ្សាក៏សាទរចំណាត់ការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សដែរ និងការពារសកម្មភាពរបស់ខ្លួនថា ជាការតវ៉ាដោយស្របច្បាប់ និងជំរុញឱ្យដាក់ទណ្ឌកម្មលើអ៊ីស្រាអែលបន្ថែម។

គួររំលឹកថា ជម្លោះអ៊ីស្រាអែល និងយុទ្ធជនហាម៉ាស់ ដែលមានរយៈពេល១១ថ្ងៃ បានបង្កឱ្យមនុស្សប្រមាណ ២៦០នាក់បាត់បង់ជីវិត និង១៩០០ នាក់រងរបួស។ អាគារ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅក្នុងតំបន់កាហ្សា បានរងការបំផ្លាញយ៉ាងខ្លាំង៕

ដកស្រង់ពី៖ ថ្មីៗ