បណ្តាញសង្គម

បាក់​ដី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន តុល្យការ​អ្នក​ស្លាប់​ឡើង​ដល់​ជាង​250​នាក់

ប្រភពព័ត៌មាន ផ្លូវការមួយ រាយការណ៍កាលពី ថ្ងៃទី ២៨ កុម្ភៈ ថា តុល្យការនៃ អ្នកស្លាប់ដោយសារ ការបាក់ដី ដែលកើតមានរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅ អាហ្វហ្គានីស្ថាន ឡើងដល់ជាង ២៥០ នាក់ ហើយមនុស្សជាច្រើននាក់ទៀត នៅបាត់ខ្លួន ។

លោក អាស្លាម សាហ៍យ៉ាស់ អ្នកទទួលខុសត្រូវ ម្នាក់នៃអាជ្ញាធរ គ្រប់គ្រងគ្រោះមហន្តរាយ ធម្មជាតិ អាហ្វហ្គានីស្ថាន រៀបរាប់ប្រាប់ សារព័ត៌មានក្នុងស្រុកថា ទិន្នន័យចុងក្រោយ រៀបរាប់ពីមនុស្ស ស្លាប់ជាង ២៥០នាក់ ក្រោយការបាក់ដី និងការធ្លាក់ព្រិល ខ្លាំងក្នុងប្រទេស រយៈពេល៥ថ្ងៃ ចុងក្រោយនេះ ។ភ្នំជាច្រើន របស់ប្រទេស ពិសេសនៅខេត្ត Panjshir ដែលរងការប៉ះពាល់ ដោយសារព្រិលធ្លាក់ខ្លាំង ប៉ុន្មានសប្តាហ៍មកហើយ បានបាក់ផ្ទាំងថ្ម ដី និងព្រិលទឹកកក ធ្វើឱ្យផ្លូវថ្នល់ ជាច្រើនខ្ទប់ជាប់ ។

លោក សាហ៍ យ៉ាស និយាយទៀតថា គេពុំទាន់ដឹងថា តើមានមនុស្សប៉ុន្មាននាក់ បាត់ខ្លួន ឬនៅជាប់ដោយសារ ព្រិលឡើយ ។ បណ្តាក្រុមសង្គ្រោះ របស់យើងពុំអាច ចូលទៅដល់ គ្រប់តំបន់ រងគ្រោះឡើយ ដោយសារព្រិល ធ្លាក់ខ្លាំងពេក និងការបាក់ដីខ្ទប់ផ្លូវ ជាច្រើនកាត់ជ្រលងភ្នំ ដែលចង្អៀត ក្នុងខេត្ត Panjshir ។

មន្ត្រីរូបនេះ គូសបញ្ជាក់ថា បណ្តាក្រុមជួយសង្គ្រោះ អាចចែកចាយ កញ្ចប់ស្បៀង និងឧបករណ៍ឯទៀតៗ ឱ្យដល់មនុស្សជិត ២.០០០ គ្រួសារ នៅខេត្ត Panjshir ដែលនៅទីនោះ បណ្តាគ្រឿងចក្រប៉ុនប៉ង ឈូសឆាយបើកផ្លូវថ្នល់ ទាំងឡាយនៅតាម បណ្តាស្រុក និងភូមិ នៅតាមចង្កេះភ្នំ ។ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ប្រកាសពីការ កាន់មរណទុក្ខ ជាតិរយៈពេល ៣ថ្ងៃ គិតចាប់ពី ថ្ងៃទី២៨ កុម្ភៈ ទៅ ៕

ដកស្រង់ពី៖ កោះសន្តិភាព