បណ្តាញសង្គម

លោក ចូ បៃដិន គោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃការសម្លាប់រង្គាល ពលរដ្ឋអាមេរិកស្បែកខ្មៅ ក្នុងទីក្រុង Tulsa កាលពី១០០ឆ្នាំមុន

(វ៉ាស៊ីនតោន)៖ លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះបានក្លាយជាប្រធានាធិបតីអាមេរិកកំពុងកាន់តំណែងដំបូងគេបំផុត ដែលបំពេញទស្សនកិច្ចទៅកាន់តំបន់ មួយក្នុងទីក្រុង Tulsa រដ្ឋ Oklahoma ជាទីដែលពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិករាប់រយនាក់ ត្រូវបានពលរដ្ឋអាមេរិកស្បែកសសម្លាប់យ៉ាងរង្គាល កាលពីឆ្នាំ១៩២១។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២១។ នៅក្នុងដំណើរទស្សនកិច្ចនោះ លោក បៃដិន បានជួបជាមួយអ្នកនៅរស់រានមានជីវិតពីព្រឹត្តិការណ៍សម្លាប់រង្គាលក្នុងសង្កាត់ Greenwood នៃទីក្រុង Tulsa និងបាន គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ។

ថ្លែងចំពោះអ្នកនៅមានជីវិតទាំងនេះ លោក បៃដិនបានលើកឡើងថាអ្វីដែលកើតឡើងមិនមែនជាកុបកម្មនោះទេ តែវាជា ការសម្លាប់រង្គាល ខណៈទង្វើដ៏អាក្រក់នេះបែរជាមានអ្នកខ្លះចង់បំភ្លេចចោលទៅវិញ។

ប្រធានាធិបតីអាមេរិករូបនេះបានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ «អ្វីដែលបានកើតឡើងនៅក្នុងសង្កាត់ Greenwood គឺជាហិង្សានៃការស្អប់ខ្ពើម និងជាភេរវកម្ម នៅក្នុងស្រុក...អំពើមួយនេះស្ថិតក្នុងចំណោមទង្វើដ៏អាក្រក់ដទៃទៀត នៅក្នុងប្រវត្តិសាស្ត្ររបស់យើងដែលយើងទាំងអស់គ្នាគួរតែរៀនសូត្រ ហើយចងចាំទុក នូវហិង្សារើសអើងពូជសាសន៍បែបនេះ ដើម្បីទប់ស្កាត់កុំឱ្យវាកើតឡើងសាជាថ្មី »។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩២១ ក្រុមពលរដ្ឋអាមេរិកស្បែកសមួយចំនួននៅក្នុងទីក្រុង Tulsa បានសម្លាប់ពលរដ្ឋអាមេរិក ស្បែកខ្មៅដល់ទៅជាង ៣០០នាក់ បន្ទាប់ពីពួកគេផ្ទុះកំហឹងដោយសារតែបុរសស្បែកខ្មៅម្នាក់ត្រូវបានគេចោទថាបានវាយប្រហារលើស្ត្រីស្បែកសម្នាក់។

ប៉ុន្តែ ការវាយប្រហារនេះមិនមានភស្ដុតាងបញ្ជាក់ថាវាជាការពិតនោះទេមកទល់នឹងបច្ចុប្បន្ន៕

ដកស្រង់ពី៖ Fresh News