បណ្តាញសង្គម

សហរដ្ឋអាមេរិក៖ មនុស្សជិត ១៧,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥១៤នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

 (វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៦,៩៧៤នាក់នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥១៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក កើនឡើងដល់ ៣៤,១៥៤,៣០៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១១,០២០នាក់ និងជាសះស្បើយឡើងសរុប ២៧,៩៨៦,៥១១នាក់។

សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។ដោយមើលអត្រាឆ្លង និងស្លាប់ដោយសារ COVID-19 ធ្លាក់ចុះជាបន្តបន្ទាប់ រដ្ឋកាន់តែច្រើននៅសហរដ្ឋអាមេរិក កំពុងត្រៀមបើកទ្វារទាំងស្រុងឡើងវិញ។

តែពួកគេក៏កំពុងលើកទឹកចិត្ត ឲ្យប្រជាជនមកចូលរួមទទួល ការចាក់វ៉ាក់សាំងបង្ការ COVID-19 ផងដែរ ដោយសារតែអត្រានៃការចាក់បានធ្លាក់ចុះ។ កន្លងមកនេះ សហរដ្ឋអាមេរិកបានអនុម័តឲ្យមនុស្សវ័យចាប់ពី ១២ឆ្នាំឡើងទៅ អាចទទួលការចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៩៦លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៦៨.៥លាននាក់ (៥១.៣%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៣៥.៨៦លាននាក់ (៤១.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

ដកស្រង់ពី៖ Fresh News