បណ្តាញសង្គម

ចិនរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីៗបន្ថែមទៀតក្នុងខេត្តក្វាងទុង ខណៈការធ្វើតេស្តទ្រង់ទ្រាយធំកំពុងបន្ត

(ប៉េកាំង)៖ នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ ប្រទេសចិនបានប្រកាសរកឃើញ ករណីឆ្លងជំងឺ COVID-19 សរុបចំនួន ២៤នាក់ថ្មីទៀត ដោយក្នុងនោះ ១៥នាក់ជាករណីនាំចូល និង ០៩នាក់ជាករណីឆ្លងសហគមន៍ ដែលត្រូវបានរកឃើញ នៅក្នុងខេត្តក្វាងទុងទាំងអស់។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ដកស្រង់ទិន្នន័យចេញពី គណៈកម្មការសុខាភិបាលជាតិចិន (NHC)។

NHC បានបញ្ជាក់ទៀតថា ករណីឆ្លងទាំងអស់ខាងលើនេះ ត្រូវបានរកឃើញក្នុងរយៈពេល ពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈការធ្វើតេស្តរក COVID-19 ទ្រង់ទ្រាយធំនៅក្នុងខេត្តក្វាងទុង ជាពិសេសទីក្រុងក្វាងចូវ កំពុងតែបន្តប្រព្រឹត្តទៅនៅឡើយ។ យ៉ាងណាក៏ដោយ ពុំមានករណីស្លាប់ដោយសារ COVID-19 ត្រូវបានរាយការណ៍នោះទេ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះចិនមានករណីឆ្លង COVID-19 សរុប ៩១,១៩៤ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងជាសះស្បើយវិញ ៨៦,១៨៧នាក់។

បច្ចុប្បន្នរដ្ឋាភិបាលចិន កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការផ្ទុះករណីឆ្លងថ្មីៗក្នុងសហគមន៍ ដោយពីដំបូងឡើយបានកើតឡើងនៅខេត្ត អានហ៊ុយ និងលាវនីង ហើយនៅពេលនេះគឺនៅខេត្តក្វាងទុង៕

ដកស្រង់ពី៖ Fresh News