បណ្តាញសង្គម

រុស្ស៊ី ព្រមានបាញ់កម្ទេចនាវាទាំងឡាយដែលបើកចូលក្នុងដែនទឹកខ្លួន

រុស្ស៊ី នឹងបាញ់កម្ទេចនាវាទាំងអស់ ដែលមិនគោរពតាមជូនដំណឹងរបស់ខ្លួន ហើយនៅតែបន្តបើកចូលក្នុងដែនទឹករបស់ខ្លួន។

មន្រ្តីជាន់ខ្ពស់រុស្ស៊ី បានព្រមានច្បាស់ៗបែបនេះនៅថ្ងៃទី២៤ ខែមិថុនា បន្ទាប់ពីហេតុការណ៍ប្រឈមមុខរវាងយន្តហោះចម្បាំងរុស្ស៊ីជាមួយនាវាចម្បាំងអង់គ្លេស។ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី២៣ ខែមិថុនា បានអះអាងថា ខ្លួនបានបាញ់គំរាម និងទម្លាក់គ្រាប់បែកលើនាវាពិឃាដអង់គ្លេសមួយគ្រឿង ដែលបានបើកចូលក្នុងដែនទឹករបស់ខ្លួន ដោយមិនស្តាប់តាមការជូនដំណឹង។

យ៉ាងណាមិញ អង់គ្លេស បានបដិសេធពីការបាញ់គំរាមពីសំណាក់រុស្ស៊ី និងអះអាងថា នាវារបស់ខ្លួន គោរពតាមច្បាប់អន្តរជាតិ។ ដើម្បីបង្ការករណីខាងលើកើតឡើងម្តងទៀត រុស្ស៊ី បានព្រមានចាត់វិធានការឱ្យខ្លាំងជាងនេះ ប្រសិនបើនៅតែបំពានដែនទឹកខ្លួន។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែមិថុនា លោក Sergei Ryabkov អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានបញ្ជាក់ថា ការមិនបំពានព្រំដែន និងដែនទឹករបស់រុស្ស៊ី គឺសំខាន់ណាស់ ហើយរុស្ស៊ីនឹងការពារអធិបតេយ្យរបស់ខ្លួន ដោយគោរពគ្រប់មធ្យោបាយទាំងអស់ ទាំងការទូត នយោបាយ និងយោធា។ ទាក់ទិននឹងបញ្ហានេះ អ្នកសារព័ត៌មាន បានចោទសួរលើវិធានការ ដែលរុស្ស៊ីនឹងអនុវត្ត ប្រសិនបើមានអ្នកបំពានទឹកដីរបស់ខ្លួន។

ជាចម្លើយលោក Ryabkov ផ្តល់ថា រុស្ស៊ីនឹងប្រើប្រាស់វិធានការការទូត ឬអាចឈានទៅដល់ការប្រើប្រាស់យោធា។ «យើងអាចជូនដំណឹងក្រោមហេតុផល និងគោរពច្បាប់អន្តរជាតិ។ ប៉ុន្តែបើវិធានការនេះមិនអាចជួយបាន យើងនឹងទម្លាក់គ្រាប់បែកកម្ទេចគោលដៅតែម្តង»។

អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានព្រមានច្បាស់ៗបែបនេះ ដោយបន្ថែមថា អ្នកដែលចង់សាកល្បងសមត្ថភាពរុស្ស៊ី មានតែទទួលបានគ្រោះថ្នាក់ខ្ពស់ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាំងវិញ បានទទូចឱ្យអង់គ្លេស កុំចូលក្នុងដែនទឹករបស់ខ្លួនជាលើកទីពីរ ប្រសិនបើមិនចង់ឱ្យរុស្ស៊ីចាត់វិធានការចាំបាច់។

សូមបញ្ជាក់ថា ប្រសិនបើមានការបាញ់គំរាម និងទម្លាក់គ្រាប់បែកលើនាវាអង់គ្លេសពិតមែន នេះគឺជាលើកដំបូង ដែលរុស្ស៊ី បានប្រើប្រាស់គ្រាប់ពិត ដើម្បីប្រឆាំងនឹងនាវារបស់សមាជិកបក្សសម្ពន្ធយោធាណាតូ បើគិតចាប់តាំងពីបិទបញ្ចប់សង្គ្រាមត្រជាក់មក៕

ដកស្រង់ពី៖ Thmey Thmey