បណ្តាញសង្គម

ការផ្ទុះ​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​មេដឹកនាំ​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​សម្លាប់​មនុស្ស​៣នាក់

មនុស្សយ៉ាងតិចណាស់៣នាក់បានស្លាប់ ហើយជាង១០នាក់បានរងរបួសនៅក្នុងការផ្ទុះមួយនៅទីក្រុង Lahore ប្រទេសប៉ាគីស្ថាន នៅខាងក្រៅផ្ទះរបស់ឈ្មោះ Hafiz Mohammad Saeed ជាអ្នកដែលបានជាប់ទាក់ទិនទៅនឹងការវាយប្រហារនៅឆ្នាំ២០០៨ នៅក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា ដែលបានសម្លាប់មនុស្សជាង១៧០នាក់។

លោក Saeed ជាមេដឹកនាំនៃក្រុម Jamaat-ud-Dawa ជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ដែលប្រតិបត្តិការនៅក្នុងតំបន់អាស៊ីខាងត្បូង។ គេមិនទាន់ដឹងច្បាស់ទេថា តើលោក Saeed ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ និងរងរបួសដែរឬទេ។ សាក្សីនិយាយថា ការផ្ទុះនោះមានកម្លាំងខ្លាំងដែលធ្វើឲ្យខូចខាតផ្ទះនិងរថយន្តជាច្រើននៅតាមផ្លូវក្បែរនោះ។

VOA ជាភាសា Urdu បានឲ្យដឹងថា ប៉ូលិស សមាជិកកងកម្លាំងល្បាត កងកម្លាំងប្រឆាំងភេរវកម្ម និងឆ្មាំសន្តិសុខផ្ទាល់ខ្លួនរបស់លោក Saeed បានឡោមព័ទ្ធផ្ទះនោះភ្លាមៗ បន្ទាប់ពីការផ្ទុះ។ សាក្សី និងអ្នកកាសែតត្រូវបានគេប្រាប់ឲ្យនៅឲ្យឆ្ងាយ ហើយសេវាទូរស័ព្ទចល័តបានគាំងនៅក្នុងតំបន់ជុំវិញនោះ។

លោក Ghulam Mehmood Dogar ប្រធានប៉ូលិសក្រុង Lahore បាននិយាយថា រហូតមកទល់ពេលនេះ មិនទាន់អាចនិយាយអ្វីទាំងអស់អំពីការផ្ទុះនេះ។ លោក Saeed មានឈ្មោះក្នុងបញ្ជីនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ។

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកចាត់ទុកលោកជាភេរវជន។ សហរដ្ឋអាមេរិកប្រកាសផ្តល់រង្វាន់១០លានដុល្លារដល់អ្នកដែលផ្តល់ព័ត៌មានដែលនាំឲ្យមានការកាត់ទោសឈ្មោះ Saeed នៅក្នុងសំណុំរឿងនៃការវាយប្រហារនៅក្នុងទីក្រុង Mumbai៕

ដកស្រង់ពី៖ Thmey Thmey