បណ្តាញសង្គម

ឥណ្ឌា ស៊ើបអង្កេតករណីវាយប្រហារដោយយន្តហោះដ្រូនលើមូលដ្ឋានយោធានៅកាស្មៀរ

មន្រ្តីឥណ្ឌានៅថ្ងៃទី២៧ ខែមិថុនា បានបញ្ជាក់ថា ការស៊ើបអង្កេតកំពុងធ្វើឡើងពាក់ព័ន្ធការវាយប្រហារដោយយន្តហោះដ្រូនបញ្ជាពីចម្ងាយលើមូលដ្ឋានអាកាសមួយកន្លែងនៅភាគខាងជើងប្រទេសក្នុងរដ្ឋកាស្មៀរ។

នេះជាការវាយប្រហារដោយដ្រូនជាលើកដំបូង ដែលបង្កជាការព្រួយបារម្ភចំពោះសន្តិសុខនៅទីតាំងយោធា។«ការផ្ទុះកម្រិតទាបចំនួន២លើក ត្រូវបានរាយការណ៍នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ក្នុងតំបន់បច្ចេកទេសនៃមូលដ្ឋានកងទ័ពអាកាសចាមូ។

ការផ្ទុះលើកទីមួយ បានបណ្តាលឱ្យខូចខាតបន្តិចបន្តួចនៃដំបូលអាគារ ខណៈមួយផ្សេងទៀតបានផ្ទុះនៅកណ្តាលវាល»។ នេះបើតាមការបញ្ជាក់របស់កងទ័ពអាកាសឥណ្ឌា ដែលបន្តថា មិនមានការខូចខាតគ្រឿងបរិក្ខារអ្វីឡើយ ហើយការស៊ើបអង្កេតកំពុងធ្វើឡើងផងដែរ។

ទាក់ទងការវាយប្រហារនេះដែរ ស្នងការប៉ូលិសនៅតំបន់ចាមូនិងកាស្មៀរ លោក Dibagh Singh បញ្ជាក់ថា ដ្រូនដែលផ្ទុកដោយគ្រាប់ផ្ទុះ ទំនងត្រូវបានប្រើដើម្បីទម្លាក់គ្រឿងផ្ទុះ។ លោក Singh ប្រាប់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា Press Trust of India ថា ឧបទ្ទវហេតុនេះជាការវាយប្រហារភេវរកម្ម។ ករណីវាយប្រហារដោយយន្តហោះបញ្ជានេះ ហាក់បង្ហាញពីចន្លោះប្រហោងនៃប្រព័ន្ធការពារអាកាសឥណ្ឌា។

ឧត្តមសេនីយ៍ឯកចូលនិវត្តន៍ DS Hoonda ដែលធ្លាប់ជាមេបញ្ជាការតំបន់ភាគខាងជើង បានអះអាងថា ប្រព័ន្ធរ៉ាដាយោធាចាប់បានការគំរាមដូចជាយន្តហោះ និងយានធំៗ ប៉ុន្តែមិនមែនជាប្រភេទយន្តហោះដ្រូននោះទេ។

មេប៉ូលិសដដែលបន្ថែមថា ប៉ូលិសបានរកឃើញគ្រឿងផ្ទុះដែលមានទម្ងន់ប្រហែល៥ទៅ៦គីឡូក្រាមនៅទីតាំងផ្សេងគ្នា ហើយជនជសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។ ប៉ុន្តែលោក Singh បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការចាប់ខ្លួននេះមិនមានជាប់ទាក់ទិននឹងការវាយប្រហារមូលដ្ឋានទ័ពអាកាសនោះទេ។

ឧបទ្ទវហេតុនេះបានកើតឡើងបីថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី ជួបជាមួយមេដឹកនាំរដ្ឋកាស្មៀរជាលើកដំបូងចាប់តាំងពីរដ្ឋាភិបាលរបស់លោកដកស្វ័យយភាពពីរដ្ឋនៅឆ្នាំ២០១៩ ៕

ដកស្រង់ពី៖ Thmey Thmey