បណ្តាញសង្គម

ប៉ូលិសហុងកុង ចាប់ខ្លួនអ្នកកាសែតមួយ Apple Daily ពេលប្រុងធ្វើដំណើរទៅអង់គ្លេស

ប៉ូលិសហុងកុង នៅថ្ងៃទី២៧ ខែមិថុនា បានចាប់ខ្លួនអតីតអ្នកកាសែត Apple Daily ម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិហុងកុង ពីបទសង្ស័យបំពាននឹងច្បាប់សន្តិសុខជាតិ។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកហុងកុង។អតីតអ្នកសារព័ត៌មាន Apply Daily មួយរូបទៀតត្រូវបានចាប់ខ្លួន បន្ទាប់ពីកាសែតហុងកុង Apply Daily បានបញ្ឈប់ការបោះពុម្ពកាសែតរបស់ខ្លួន ចាប់ពីថ្ងៃទី២៤ ខែមិថុនា។

លោក Fung Wai-kong ដែលជាអតីតនិពន្ធនាយករបស់កាសែត Apply Daily ត្រូវបានចាប់ខ្លួន ដោយផ្អែកទៅតាមច្បាប់សន្តិសុខជាតិហុងកុង។ អតីតនិពន្ធនាយករូបនេះ ជាបុគ្គលទី៧ នៃកាសែត Apply Daily ត្រូវបានចាប់ខ្លួន ក្រោមច្បាប់សន្តិសុខជាតិ។ ការចាប់ខ្លួន បានធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិហុងកុងនាវេលាយប់ថ្ងៃទី២៧ ខែមិថុនា។

រូបគេប្រុងចាកចេញទៅកាន់អង់គ្លេស នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប៉ូលិសហុងកុង បានបញ្ជាក់ថា អ្នកសារព័ត៌មានវ័យ ៥៧ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួន ដោយសារសមគំនិតជាមួយបរទេស ឬកម្លាំងបរទេស ដើម្បីធ្វើឱ្យប៉ះពាល់សន្តិសុខជាតិ។ Apple Daily បានបញ្ឈប់ការបោះពុម្ភកាសែតរបស់ខ្លួន ព្រោះខ្វះថវិកាដើម្បីដំណើរការ ក្រោយអាជ្ញាធរបង្កកទ្រព្យសម្បត្តិ។

អាជ្ញាធរហុងកុង បានលើកឡើងថា កាសែតមួយនេះ បានចុះផ្សាយអត្ថបទមួយចំនួន ដែលធ្វើឱ្យប៉ះពាល់សន្តិសុខជាតិ។ ការបង្កកទ្រព្យសម្បត្តិ Apple Daily និងការចាប់ខ្លួនអ្នកសារព័ត៌មាន ត្រូវរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជនហុងកុង និងបរទេស។

អ្នករិះគន់ខ្លះយល់ថា ការបិទកាសែតApple Daily ជាការបញ្ចប់សិទ្ធិសេរីភាពសារព័ត៌មាននៅក្នុងទីក្រុង ក៏ដូចជាមូលដ្ឋាននៃសេរីភាព។ គួររំលឹកថា កន្លងមក មេដឹកនាំហុងកុង លោកស្រី ការី ឡាំ បានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយ មិនត្រូវធ្វើវិទ្ធង្សនាប្រឆាំងរដ្ឋាភិបាលឡើយ។ បើតាមមេដឹកនាំរូបនេះ សារព័ត៌មានត្រូវចែកឱ្យដាច់រវាងការធ្វើវិទ្ធង្សនា និងការរិះគន់លើរដ្ឋាភិបាល៕