បណ្តាញសង្គម

រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស លាលែងពីតំណែង បន្ទាប់ពីបំពានបម្រាមទប់ស្កាត់កូវីដ-១៩

រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស លោកMatt Hancock បានលាលែងពីតំណែងហើយ នៅថ្ងៃទី២៦ ខែមិថុនា បន្ទាប់ពីមានវីដេអូឃ្លីបមួយបង្ហាញថា លោកបានបំពានបម្រាមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយការថើបមនុស្សជំនិតរបស់ខ្លួន។

លោក Matt Hancock រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស បានប្រគល់លិខិតលាលែង ទៅនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន រួចហើយ បន្ទាប់ពីសារព័ត៌មាន The Sun បានបង្ហោះវីដេអូ ដែលលោករដ្ឋមន្រ្តី បានបំពានបម្រាមទប់ស្កាត់កូវីដ-១៩ ដោយការថើបជាមួយមនុស្សជំនិតរបស់លោក។

ក្នុងលិខិតនោះ លោករដ្ឋមន្រ្តីបានសុំទោសចំពោះកំហុសរបស់ខ្លួន បន្ទាប់ពីមិនគោរពតាមគោលការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩ ស្របពេលប្រជាជនអង់គ្លេស កំពុងស្ថិតក្នុងស្ថានភាពលំបាក។ «យើងជំពាក់ប្រជាជន ដែលបានខិតខំយ៉ាងខ្លាំងក្នុងពេលវិបត្តិជំងឺឆ្លងសកល...ដោយខ្ញុំបានបំពានគោលការណ៍ណែនាំ»។

លោករដ្ឋមន្រ្តីបានសរសេរបែបនេះ នៅក្នុងលិខិតលាលែងពីតំណែងរបស់ខ្លួន។ បន្ទាប់ពីទទួលបានលិខិតនោះ នាយករដ្ឋមន្រ្តីអង់គ្លេស ក៏មានការសោកស្តាយដែរ ដោយភ្ជាប់ជាមួយឃ្លាលើកទឹកចិត្តរដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសថា លោក Hancock គួរតែមានមោទកភាពលើការងាររបស់លោកកន្លងមក។

យ៉ាងណាមិញ បក្សប្រឆាំងអង់គ្លេស បានចោទរដ្ឋាភិបាលលោក ចនសុន ថា លាក់ពុត ដោយសារប្រជាជនជាច្រើននាក់ ត្រូវពិន័យ បន្ទាប់ពីអ្នកទាំងនោះបំពានបម្រាមបិទខ្ទប់។ មិនត្រឹមតែប៉ុណ្ណោះ បក្សពលករអង់គ្លេស ក៏បានទាមទារឱ្យរដ្ឋាភិបាលឆ្លើយនឹងសំណួរ ទាក់ទិននឹងការតែងតាំងលោកស្រី Gina Coladangelo ដែលជាមនុស្សជំនិត និងជាមិត្តភក្តិលោក Hancock នៅក្នុងក្រសួងសុខាភិបាលផងដែរ។

គិតត្រឹមថ្ងៃទី២៦ ខែមិថុនា អង់គ្លេស មានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤,៧លាននាក់ និងអ្នកស្លាប់មានចំនួនជាង ១២ម៉ឺននាក់។ ចំណែក អ្នកជាសះស្បើយមានចំនួនជាង ៤,៣លាននាក់៕

ដកស្រង់ពី៖ Thmey Thmey