បណ្តាញសង្គម

ពលករចំណាកស្រុក ភៀសខ្លួនចេញពីរដ្ឋធានី ខណៈបង់ក្លាដែស រឹតបន្តឹងការបិទខ្ទប់ COVID-19

ពលករចំណាកស្រុករាប់ពាន់នាក់ បានភៀសខ្លួនចេញពីរដ្ឋធានីបង់ក្លាដែស កាលពីថ្ងៃអាទិត្យ ១ថ្ងៃមុនការបិទខ្ទប់យ៉ាងតឹងរឹង ដែលនឹងកាត់បន្ថយសកម្មភាពសេដ្ឋកិច្ចភាគច្រើន និងបង្ខាំងប្រជាជននៅផ្ទះរបស់ពួកគេ ដោយសារការឆ្លងមេរោគកូរ៉ូណា កាន់តែខ្លាំង។

ការរឹតត្បិតលើសកម្មភាព និងចលនា បានកើតឡើងតាំងពីពាក់កណ្តាលខែមេសា នៅពេលដែលករណីឆ្លង និងស្លាប់ បានលោតឡើងខ្ពស់។ យោងតាមក្រសួងសុខាភិបាលបង់ក្លាដេស ករណីឆ្លង បានធ្លាក់ចុះនៅក្នុងខែឧសភា ប៉ុន្តែបានចាប់ផ្តើមកើនឡើងម្តងទៀតនៅខែនេះ ដោយមានករណីឆ្លងប្រចាំថ្ងៃជាង ៦០០០ នាក់ កាលពីថ្ងៃព្រហស្បតិ៍ និង ១០៨ នាក់ បានស្លាប់កាលពីថ្ងៃសុក្រ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលជាងពីរខែមកនេះ។

ការលេចចេញជាថ្មីនេះ បានជំរុញឱ្យរដ្ឋាភិបាលបន្តឹងការរឹតត្បិតជាបន្តបន្ទាប់ ចាប់ពីថ្ងៃច័ន្ទដោយសកម្មភាពសេដ្ឋកិច្ច - រួមមានហាង ផ្សារ ការដឹកជញ្ជូន និងការិយាល័យនានា ត្រូវបិទទ្វារត្រឹមថ្ងៃព្រហស្បតិ៍។

ប្រជាជន នឹងត្រូវបានបញ្ជាឱ្យស្នាក់នៅផ្ទះ ខណៈពេលដែលមានតែសេវាកម្មបន្ទាន់ និងរោងចក្រ ដែលផ្តោតលើការនាំចេញ ដែលបន្តធ្វើប្រតិបត្តិការ។ ការបិទនាពេលខាងមុខ បានធ្វើឱ្យមានការជម្លៀសចេញទាំងហ្វូងៗពីរដ្ឋធានីដាកា។

ដោយការដឹកជញ្ជូនសាធារណៈក្នុងក្រុង ត្រូវបានផ្អាករួចហើយចាប់តាំងពីថ្ងៃទី ២២ មិថុនាប្រជាជន បានប្រជ្រៀតគ្នាជិះតាមរ៉ឺម៉ក និងជិះម៉ូតូ ហើយថែមទាំងជួលរថយន្តសង្គ្រោះបន្ទាន់ដើម្បីធ្វើដំណើរត្រឡប់ទៅភូមិរបស់ពួកគេវិញ។

សាឡាង បានដំណើរការលើសម៉ោង ដោយមានសេវាកម្មមួយចំនួន ដំណើរការ ២៤ ម៉ោងក្នុងមួយថ្ងៃ និងញាត់អ្នកដំណើរជាង ១.០០០ នាក់ សម្រាប់ដំណើរមួយជើងៗ។ មន្ត្រីជាន់ខ្ពស់នៃសាជីវកម្មដឹកជញ្ជូនទឹកសាបបង់ក្លាដែស ដែលគ្រប់គ្រងដោយរដ្ឋ បានប្រាប់ AFP ថា យ៉ាងហោចណាស់មានមនុស្ស ៥ ម៉ឺននាក់ បានឆ្លងទន្លេដោយសាឡាងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។