បណ្តាញសង្គម

ប្រទេសនានា មិនគួរបញ្ជាទិញវ៉ាក់សាំងបង្កើនការការពារ COVID-19 ខណៈពេលដែលប្រទេសផ្សេងទៀត នៅតែត្រូវការវ៉ាក់សាំង

 អង្គការសុខភាពពិភពលោក បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា ប្រទេសអ្នកមាន មិនគួរបញ្ជាទិញវ៉ាក់សាំងបង្កើនការការពារបន្ថែមសម្រាប់ប្រជាជនខ្លួន ដែលបានចាក់វ៉ាក់សាំងរួចហើយនោះទេ ខណៈដែលប្រទេសផ្សេងទៀត មិនទាន់ទទួលបានវ៉ាក់សាំង COVID-19 ។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា ចំនួនអ្នកស្លាប់ដោយជំងឺ COVID-19 មានការកើនឡើងជាថ្មីម្តងទៀត។ វីរុសបម្លែង Delta កំពុងតែលេចធ្លោ ហើយប្រទេសជាច្រើន នៅមិនទាន់ទទួលបាននូវវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីការពារបុគ្គលិកសុខភាពរបស់ពួកគេនៅឡើយទេ។

លោក បាននិយាយសំដៅលើក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer និង Moderna ដែលជាក្រុមហ៊ុន មានបំណងផ្តល់វ៉ាក់សាំងបន្ថែមការការពារនៅក្នុងប្រទេស ដែលមានការចាក់វ៉ាក់សាំងខ្ពស់រួចទៅហើយ។

ពួកគេ គួរតែបញ្ជូនដោយថ្ទាល់នូវដូសវ៉ាក់សាំងរបស់ពួកគេទៅកម្មវិធី COVAX ដែលជាកម្មវិធីចែករំលែកវ៉ាក់សាំងសំខាន់សម្រាប់ប្រទេស ដែលមានប្រាក់ចំណូលមធ្យម និងប្រទេសក្រីក្រ។

ប្រធានអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក លោកស្រី Soumya Swaminathan បាននិយាយថា រហូតមកដល់ពេលនេះ ស្ថាប័នសុខភាពពិភពលោក មិនទាន់មានភស្ដុតាងណាមួយបង្ហាញថា វ៉ាក់សាំងបន្ថែមការការពារនោះ វាចាំបាច់សម្រាប់អ្នក ដែលបានទទួលវ៉ាក់សាំងពេញលេញនោះឬយ៉ាងណា។

ខណៈវ៉ាក់សាំងបន្ថែមការការពារ ប្រហែលជាចាំបាច់នៅថ្ងៃណាមួយ តែមិនទាន់មានភស្តុតាងណា ដែលពួកគេត្រូវការនៅឡើយទេ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃអង្គារនេះ។