បណ្តាញសង្គម

សម្តេច ស ​ខេង ​ស្នើភាគីពាក់ព័ន្ធសិក្សាភាពខ្វះចន្លោះនៃបទបញ្ញត្តិចំពោះបទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យាលើកុមារ

រាជធានីភ្នំពេញ ៖ ដើម្បីការពារកុមារសម្តេចក្រឡាហោម ស ខេងបានស្នើឲ្យភាគីពាក់ព័ន្ធសិក្សាភាពចន្លោះប្រហោងបទបញ្ញត្តិច្បាប់ចំពោះបទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យាលើកុមារ ។

ថ្លែងក្នុងពិធី «ផ្សព្វផ្សាយផែនការសកម្មភាព ដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារឆ្នាំ២០២១-២០២៥»

តាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី១៤ កក្កដា ឆ្នាំ២០២១ សម្ដេចសខេង បានណែនាំឱ្យសិក្សាឡើងវិញ នូវភាពខ្វះចន្លាះនៃបទបញ្ញត្តិដែលមានជាធរមានលើបទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យាលើកុមារ ដោយស្មារតី និងឆន្ទៈទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងករណីមិនមានចែងនៅក្នុងច្បាប់

សូមអនុវត្តដោយឈរលើគោលការណ៍នៃការសម្រេចដោយផ្អែកលើមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងសិទ្ធិកុមារដែលកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ គប្បីបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិដោយប្រើប្រាស់យន្តការដែលមានស្រាប់លើកកម្ពស់ការអនុវត្តសំដៅធ្វើឲ្យសម្រេចនូវយុទ្ធសាស្ត្រទាំង៦ ដែលមាននៅក្នុងផែនការនេះ ។

លើសពីនេះទៀតត្រូវពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃជាពិសេសបង្កើតប្រព័ន្ធទិន្នន័យកុមារទូទាំងប្រទេស ហើយត្រូវបំពេញតួនាទី ជាសេនាធិការជូនរាជរដ្ឋាភិបាល ។

សម្ដេចក៏បានអំពាវនាវឱ្យក្រសួងប្រៃសណីយ និងទូរគមនាគមន៍ គប្បីបន្តការគ្រប់គ្រងឱ្យបានហ្មត់ចត់នូវក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិតក្នុងការកំណត់នូវស្តង់ដាដែលអាចបង្កើតចែកផ្សាយ និងរក្សាកំណត់ត្រាទិន្នន័យ ជាពិសេសបង្កើតគោលនយោបាយការពារកុមារដែលអាចឆ្លើយតបឆាប់រហ័ស និងការទទួលខុសត្រូវចំពោះមាតិតារូបភាព

និងសម្ភារអាសអាភាសដែលរក្សាទុកនៅក្រុមហ៊ុន ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គប្បីបន្តការលើកកម្ពស់សេវាសង្គម ជាពិសេសការផ្តល់ប្រឹក្សាយោបល់ ការស្តារនីតិសម្បទា និងសមាហរណកម្មចំពោះកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងបទល្មើសបច្ចេកវិទ្យាព័ត៌មានដោយផ្តល់អាទិភាពជាចម្បងដល់កុមារី កុមារជាជនជាតិដើមភាគតិច និងកុមារមានពិការភាព ។

ជាមួយគ្នានេះ សម្ដេចបានទទូចឱ្យគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនិងអង្គការដៃគូ គប្បីជំរុញ លើកកម្ពស់ការយល់ដឹងអំពីព័ត៌មានសង្គមដល់មាតាបិតា និងអ្នកដែលមានទំនាក់ទំនងជាមួយកុមារអំពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិត បញ្ហាគ្រោះថ្នាក់ដែលកើតមានចំពោះកុមារតាមប្រព័ន្ធអ៊ីនធើណិត

និងផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ពីរបៀបបង្ការ ជៀសវាងពីទំនាក់ទំនងជាមួយជនខិលខូចនៅក្នុងប្រព័ន្ធអ៊ីនធើណិត និងពង្រឹងការអនុវត្តប្រព័ន្ធរាយការណ៍ទាន់ហេតុការណ៍ (Internet Hotline) និងយន្តការឆ្លើយតបឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ចំពោះករណីរំលោភបំពានកុមារតាមប្រព័ន្ធអ៊ីនធើណិត

ព្រមទាំងពង្រឹងបណ្តាញប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសមត្ថភាពអនុវត្តនៅថ្នាក់ក្រោមជាតិ ដោយរួមសហការជាមួយដៃគូពាក់ព័ន្ធ ជាតិ និង អន្តរជាតិ ក្នុងការបង្ការ ទប់សា្កត់ និងឆ្លើយតបករណីរូបភាព និងសម្ភាសអាសអាភាសកុមារឱ្យទាន់ពេលវេលា។ សម្ដេចក៏បានផ្ដល់អនុសាសន៍ឱ្យពិនិត្យលទ្ធភាពក្នុងការវិនិយោគ លើធនធានមន្ត្រីទទួលបន្ទុកការងារសង្គមកិច្ច

តាមបណ្តាឃុំ-សង្កាត់ ដើម្បីបង្ខិតសេវាសង្គមកិច្ច គាំពារកុមារឲ្យដល់សហគមន៍ ជាពិសេសយកចិត្តទុកដាក់ចំពោះកុមាររងគ្រោះ និងងាយរងគ្រោះ កុមារត្រូវបានគេបោះបង់ កុមារដែលទទួលរងអំពើហិង្សា និងការកេងប្រវ័ញ្ចគ្រប់រូបភាពនិងពង្រឹងការបញ្ជ្រាបចូលបញ្ហានៃការរំលោគបំពានកុមារគ្រប់រូបភាព ជាពិសេស តាមប្រព័ន្ធអនឡាញ ទៅក្នុងវេទិកាសាធារណៈ

នៃគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដើម្បីឲ្យមាតា បិតា អាណាព្យាបាល អាជ្ញាធរ សមត្ថកិច្ច បានយល់ជ្រួតជ្រាប និងបង្កើនកិច្ចការពារកុមារក្នុងគ្រួសារ

និងសហគមន៍ ជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនដែលផ្តល់សេវាអ៊ីនធើណិត ណែនាំអ្នកប្រើប្រាស់ឧបករណ៍ចែកចាយអ៊ីនធើណិត ដែលមានសុវត្ថិភាពចំពោះកុមារ និងតាមដានភាពប្រែប្រួលប្រសើរឡើងនៃការយល់ដឹងរបស់សហគមន៍ ក្នុងកិច្ចការពារកុមារពីភាពរងគ្រោះ ដោយការរំលោភបំពានតាមប្រព័ន្ធអនឡាញ ៕

ដកស្រង់ពី៖ កោះសន្តិភាព