បណ្តាញសង្គម

មីយ៉ាន់ម៉ា ត្រូវការអុកស៊ីសែនជាចាំបាច់ នៅពេលរលក COVID-19 ថ្មីៗ វាយប្រហារ

 ប្រជាជននៅទូទាំងទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា កំពុងតែបំពាននឹងបម្រាមគោចរយោធា ក្នុងការស្វែងរកអុកស៊ីសែន ដើម្បីឱ្យមនុស្សជាទីស្រលាញ់របស់ពួកគេ ដកដង្ហើមបាន នៅពេលរលកឆ្លងវីរុសថ្មី បានផ្ទុះឡើងលើប្រទេស ដែលហែកហួរដោយរដ្ឋប្រហារ។

កំណើនករណីឆ្លង គឺជាការវាយប្រហារចុងក្រោយបង្អស់ដល់ប្រទេសមីយ៉ាន់ម៉ា ដែលទទួលរងដោយរដ្ឋប្រហារ កាលពីខែកុម្ភៈ និងការបង្ក្រាបបង្ហូរឈាមទៅលើក្រុមប្រឆាំង ដោយបានសម្លាប់មនុស្សជាង ៩០០ នាក់ និងធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ។

មនុស្សរាប់រយនាក់ បានតម្រង់ជួរនៅទូទាំងទីក្រុងយ៉ាំងហ្គោន នៅពេលដែលព្រះអាទិត្យ រះកាលពីថ្ងៃពុធ-ម្សិលមិញ ក្នុងក្តីសង្ឃឹមបំពេញធុងឧស្មនអុកស៊ីសែនពណ៌ខៀវ ដើម្បីយកទៅផ្ទះអោយសមាជិកគ្រួសារ ដែលរងគ្រោះដោយវីរុសនេះ។

អ្នកខ្លះ បានយកកៅអីមកជាមួយ ដើម្បីត្រៀមអង្គុយរង់ចាំយូរ។ សម្រាប់អ្នកផ្សេងទៀត បានមកដល់យឺតពេលទៅហើយ។ បើតាមកំណត់ត្រាអាជ្ញាធរមីយ៉ាន់ម៉ា មានករណីឆ្លងថ្មីជាង ៧.០០០ នាក់ កាលពីថ្ងៃពុធ បើប្រៀបធៀបនឹងកាលពីដើមខែឧសភា មានចំនួនតិចជាង ៥០ នាក់ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។

មនុស្សរាប់លាននាក់នៅទីក្រុងយ៉ាំងហ្គោន និងទីក្រុងទីពីរនៃ Mandalay ត្រូវបានគេបញ្ជាឱ្យស្នាក់នៅផ្ទះ ប៉ុន្តែចំនួនអ្នកឆ្លង នៅតែបន្តកើនឡើង ហើយក្រុមអ្នកស្ម័គ្រចិត្ត កំពុងបោះជំហានទៅមុខ ដើម្បីយកសាកសពជនរងគ្រោះ ចេញពីសង្កាត់របស់ពួកគេ នេះបើតាមការផ្សាយរបស់ CNA/AFP កាលពីថ្ងៃពុធ-ម្សិលមិញ។