បណ្តាញសង្គម

រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបុរី វៀតណាម និងហ្វីលីពីន

 រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសសឹង្ហបូរី វៀតណាម និងហ្វីលីពីន ចាប់ពីចុងសប្តាហ៍នេះទៅ នេះបើតាមលេខាសារពត៌មានប្រចាំមន្ទីរប៉ង់តាហ្គោន លោក John Kirby បានប្រកាសកាលពីថ្ងៃចន្ទ ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់អាស៊ីអាគ្នេយ៍ ដោយសមាជិកជាន់ខ្ពស់នៃរដ្ឋបាលលោក Biden គ្រោងនឹងចាកចេញនៅថ្ងៃសុក្រ លោក Austin នឹងឈប់នៅ Alaska មុនពេលធ្វើដំណើរទៅកាន់តំបន់។

នៅក្នុងប្រទេសសឹង្ហបូរី លោក នឹងថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ។

សារព័ត៌មាន Nikkei បានរាយការណ៍អំពីដំណើរទស្សនកិច្ច ដែលបានគ្រោងទុក កាលពីព្រឹកថ្ងៃច័ន្ទ។ ជាមួយនឹងភាពតានតឹងក្នុងដែនសមុទ្រ ដែលកំពុងផ្ទុះឡើងនៅសមុទ្រចិនខាងត្បូង ខណះទីក្រុងប៉េកាំង ចង់ពង្រីកវិសាលភាពរបស់ខ្លួននោះ ទីក្រុងវ៉ាស៊ីនតោន សង្ឃឹមនឹងសហការជាមួយបណ្តាប្រទេសក្នុងតំបន់ សម្រាប់វិធីសាស្រ្តបង្រួបបង្រួមបន្ថែមមួយ តបនឹងគោលនយោបាយចិន។

ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិ លោក Austin បានធ្វើដំណើរទៅអឺរ៉ុបចំនួនពីរដង ដើម្បីធ្វើការជួសជុលទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តនៅទីនោះ។

លោក ក៏ធ្លាប់បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌាផងដែរ ប៉ុន្តែមិនទាន់ទៅអាស៊ីអាគ្នេយ៍នៅឡើយទេ។ សម្រាប់សហរដ្ឋអាមេរិក ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងម៉ានីល នឹងក្លាយជាគន្លឹះសម្រាប់គោលនយោបាយអាស៊ីអាគ្នេយ៍របស់ខ្លួន។ កាលានុវត្តភាព កំពុងកើនឡើងសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហរដ្ឋអាមេរិក នៅពេលទីក្រុងហាណូយ កាន់តែប្រយត្នប្រយ៉ែងខ្លាំងឡើងនឹងទីក្រុងប៉េកាំង។

កងទ័ពជើងទឹកសហរដ្ឋអាមេរិក មានអង្គភាពបញ្ជាការខាងដឹកនាំសាស្ត្រនៅសិង្ហបុរី និងដាក់ពង្រាយនាវា និងយន្តហោះស៊ើបការណ៍នៅទីនោះ សម្រាប់ការល្បាតសមុទ្រចិនខាងត្បូង។

ដកស្រង់ពី៖ Fresh News