បណ្តាញសង្គម

រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល និងប្រធានាធិបតីប៉ាឡេស្ទីន ពិភាក្សាពី “ការកសាងទំនុកចិត្ត”

រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Benny Gantz បាននិយាយថា លោកបាននិយាយជាមួយប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas តាមទូរសព្ទកាលពីថ្ងៃចន្ទ ហើយអ្នកទាំងពីរ បានព្រមព្រៀងគ្នាថា ចាំបាច់ត្រូវបង្កើតជំហានកសាងជំនឿទុកចិត្តគ្នា។

នេះ គឺជាការទំនាក់ទំនងកម្រិតខ្ពស់លើកដំបូង ដែលបានប្រកាសជាសាធារណៈ ដោយរដ្ឋាភិបាលអ៊ីស្រាអែលថ្មី ដែលបានស្បថចូលកាន់តំណែងកាលពីខែមុន ដោយរបូតមុខតំណែងមេដឹកនាំ ដែលបម្រើការយូរជាងគេរបស់ប្រទេស គឺលោក Benjamin Netanyahu ។

ការិយាល័យរបស់លោក Gantz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការពិភាក្សាមានលក្ខណៈវិជ្ជមាន ហើយអ្នកទាំងពីរ បានលើកឡើងពីតម្រូវការក្នុងការជំរុញជំហានកសាងជំនឿទុកចិត្តគ្នា រវាងអ៊ីស្រាអែល និងអាជ្ញាធរប៉ាឡេស្ទីន ដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសន្តិសុខនៃតំបន់ទាំងមូល" ។

ការិយាល័យរបស់លោកប្រធានាធិបតី Abbas បានបញ្ជាក់ពីការហៅទូរស័ព្ទនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ ប្រធានាធិបតីថ្មីរបស់អ៊ីស្រាអែល ដែលមានតួនាទីក្នុងពិធីធំៗ បានអោយដឹងថា លោកបាននិយាយកាលពីសប្តាហ៍មុនជាមួយលោក Abbas ដែលបានអបអរសាទរលោកចំពោះតួនាទីថ្មីនេះ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃអង្គារន៍នេះ។