បណ្តាញសង្គម

កងទ័ពជើងទឹករុស្ស៊ី អាចធ្វើការវាយប្រហារ ដោយមិនប្រកាន់ ប្រសិនបើចាំបាច់

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹករុស្ស៊ីអាចស៊ើបរកសត្រូវណាមួយ ហើយបើកការវាយប្រហារដោយមិនប្រកាន់ ប្រសិនបើចាំបាច់។

លោក ថ្លែងបែបនេះ ត្រឹមតែប៉ុន្មានសប្ដាហ៍ បន្ទាប់ពីនាវាចម្បាំងអង់គ្លេស បានធ្វើឱ្យទីក្រុងម៉ូស្គូខឹងសម្បារ ដោយការបើកឆ្លងកាត់ឧបទ្វីប Crimea ។

ថ្លែងនៅក្នុងពិធីព្យុហយាត្រានៃទិវាកងទ័ពជើងទឹក ក្នុងទីក្រុង St Petersburg លោក Putin បាននិយាយថា “យើង មានសមត្ថភាពក្នុងការរាវរកសត្រូវ មិនថានៅលើទឹក ក្រោមទឹកណាមួយ ហើយប្រសិនបើចាំបាច់ យើង នឹងធ្វើការវាយប្រហារ ដោយមិនប្រកាន់”។

ពាក្យសម្ដីរបស់លោក Putin ធ្វើតាមឧប្បត្តិហេតុមួយនៅសមុទ្រខ្មៅ កាលពីខែមិថុនា នៅពេលដែលប្រទេសរុស្ស៊ី បាននិយាយថា ខ្លួនបានបាញ់ព្រមាន និងទម្លាក់គ្រាប់បែកនៅលើផ្លូវនាវាចម្បាំងអង់គ្លេស ដើម្បីដេញចេញពីដែនទឹក Crimea ។

ចក្រភពអង់គ្លេស បានច្រានចោលការទទួលខុសត្រូវរបស់រុស្ស៊ី ចំពោះឧប្បត្តិហេតុនេះ ដោយនិយាយថា ខ្លួន ជឿថា រាល់ការបាញ់នោះ ជាសមយុទ្ធខាងកាំក្លើងធំ ដែលរុស្ស៊ី បានប្រកាសប្រាប់មុន ហើយថា មិនមានគ្រាប់បែកណាមួយ ត្រូវបានទម្លាក់នោះទេ។

លោក Putin បាននិយាយកាលពីខែមុនថា ប្រទេសរុស្ស៊ី អាចនឹងបាញ់ពន្លិចនាវាចម្បាំង HMS Defender របស់អង់គ្លេស ដែលខ្លួន បានចោទប្រកាន់ថា បានចូលក្នុងដែនទឹករបស់ខ្លួនដោយខុសច្បាប់ ដោយមិនបានចាប់ផ្តើមសង្គ្រាមលោកលើកទី ៣ ហើយបាននិយាយថា សហរដ្ឋអាមេរិក បានដើរតួនាទីក្នុង “ការបង្កហេតុ” នេះ ។

ប្រទេសរុស្ស៊ី បានបញ្ចូល Crimea ពីប្រទេសអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ប៉ុន្តែប្រទេសអង់គ្លេស និងពិភពលោកភាគច្រើន ទទួលស្គាល់ឧបទ្វីបសមុទ្រខ្មៅនេះ ជាផ្នែកមួយរបស់អ៊ុយក្រែន មិនមែនរបស់រុស្ស៊ីទេ នេះបើតាមការផ្សាយ CNA/Reuters កាលពីម្សិលមិញនេះ។