បណ្តាញសង្គម

មេដឹកនាំយោធាមីយ៉ាន់ម៉ាសន្យាថានឹងមានការបោះឆ្នោត និងត្រៀមធ្វើការជាមួយអាស៊ាន

 មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing កាលពីថ្ងៃអាទិត្យ បានសន្យាជាថ្មីម្តងទៀតអំពីការបោះឆ្នោតពហុបក្ស ហើយបាននិយាយថា រដ្ឋាភិបាលរបស់លោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយបេសកជនពិសេសណាមួយ ដែលតែងតាំងដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។

លោក ក៏បាននិយាយផងដែរថា ស្ថានភាពគ្រាអាសន្ន អាចនឹងត្រូវដកចេញនៅខែសីហា ឆ្នាំ ២០២៣ ដោយពន្យារពេលកំណត់របស់យោធា ដែលបានផ្តល់ពីដំបូង នៅពេលដែលទម្លាក់លោកស្រី អ៊ុង សានស៊ូជី នៅថ្ងៃទី ១ ខែកុម្ភៈ។

លោក បាននិយាយនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍រយៈពេលប្រាំមួយខែ បន្ទាប់ពីកងទ័ព បានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិល បន្ទាប់ពីការបោះឆ្នោតដ៍មានជម្លោះ ដែលឈ្នះដោយគណបក្សកាន់អំណាច។ “ខ្ញុំ សូមសន្យាថា នឹងរៀបចំការបោះឆ្នោតពហុបក្ស ដោយមិនបរាជ័យ” ។

ការប្រកាសរបស់ឧត្តមសេនីយ៍រូបនេះ អាចនឹងដាក់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងការក្តាប់អំណាចរបស់យោធាអស់រយៈពេលជិតពីរឆ្នាំកន្លះ ជំនួសឱ្យការកំណត់ពេលវេលាមួយឆ្នាំដំបូង ដែលរបបយោធា បានប្រកាសប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋប្រហារ។

នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ក្រុមបាតុករតូចៗ បានដើរក្បួនតវ៉ាកាលពីថ្ងៃអាទិត្យ។ រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងជួបប្រជុំនៅថ្ងៃច័ន្ទនេះ ដើម្បីកំណត់បញ្ចប់ការជ្រើសរើសបេសកជនពិសេស ដែលមានភារកិច្ចបញ្ចប់អំពើហិង្សា និងលើកកម្ពស់ការសន្ទនារវាងរបបយោធា និងពួកប្រឆាំង នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី កាលពីថ្ងៃអាទិត្យ-ម្សិលមិញ